សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិឱ្យបានឆាប់រហ័ស ព្រមទាំងធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ណសារ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងពិភពលោក។ ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចធិបតី បានផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ថា បណ្ណសារដ្ឋានជាតិ មានតម្លៃថ្លៃជាងមាសដុំទៅទៀត ព្រោះជាកន្លែងដែលកុលបុត្រខ្មែរគ្រប់ជំនាន់អាចសិក្សាស្វែងយល់ពីប្រវត្តិសាវតាររបស់ជាតិ។ ក្នុងទិសដៅទៅមុខ សម្តេចបានណែនាំឱ្យទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយស្ថាប័នពាក់ព័ន្ធ កែលម្អហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសណ្តាប់ធ្នាប់ ទាំងក្នុងនិងជុំវិញបណ្ណសារដ្ឋាន ឱ្យស័ក្តិសមជាទីតាំងនៃមោទនភាពជាតិ អត្តសញ្ញាណ និងជាមជ្ឈមណ្ឌលនៃការចងចាំរបស់ជាតិ។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យមានការកែលម្អអគារដែលមានស្រាប់ ដោយរៀបចំបន្ទប់ធ្វើការ និងបន្ទប់រក្សាទុកឯកសារឱ្យបានត្រឹមត្រូវតាមនិយាមបច្ចេកទេស និងកម្រិតអាកាសធាតុស្តង់ដារួម ព្រមទាំងរៀបចំផែនការពង្រីកអគារបន្ថែមដែលមានរចនាបថស្ថាបត្យកម្មជាតិ។
ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាល់ការជួសជុល និងកែលម្អ ត្រូវតែប្រឹងប្រែងរក្សាឱ្យបាននូវទ្រង់ទ្រាយដើម ឬប្រើប្រាស់សម្ភារប្រហាក់ប្រហែលគ្នា ដើម្បីបន្តថែរក្សាតម្លៃជាប្រវត្តិសាស្ត្រ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់កូនខ្មែរតជំនាន់៕




