ធនាគារកណ្តាលទូទាំងពិភពលោក សម្រុកទិញមាសច្រើនបំផុត ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ

អន្តរជាតិ

ការទិញមាសរបស់ធនាគារកណ្តាលនានាជុំវិញពិភពលោក នៅក្នុងត្រីមាសទី៣ បានកើនឡើង ៤២% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២៤ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រុមប្រឹក្សាមាសពិភពលោក (WGC) បានចេញផ្សាយរបាយការណ៍ស្តីពីនិន្នាការតម្រូវការមាសប្រចាំត្រីមាសទី៣។ យោងតាមរបាយការណ៍នេះ តម្រូវការមាសសរុបរបស់ពិភពលោកក្នុងត្រីមាសមុន គឺនៅទ្រឹងស្ទើរតែមិនផ្លាស់ប្តូរទាំងស្រុង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានថយចុះត្រឹមតែ ១% ប៉ុណ្ណោះ មកត្រឹម ១ ៣៦៩ តោនប៉ុណ្ណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការទិញមាសរបស់ធនាគារកណ្តាលទូទាំងពិភពលោក បានកើនឡើង ៤២% ដល់ ៣២១ តោន។ នេះក៏ជាបរិមាណទិញប្រចាំត្រីមាសដ៏ច្រើនបំផុតចាប់តាំងពីចុងឆ្នាំ២០២៤ មក ផងដែរ។ ប្រទេសចិន និងប៉ូឡូញ បានឈានមុខគេដោយបានទិញក្នុងបរិមាណ ៦៣ តោន និង ៤១ តោនរៀងៗខ្លួន។ ចំណែកឯ ធនាគារកណ្តាលរុស្ស៊ី បានលក់ចេញវិញចំនួន ១៩ តោន។

គួរឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ធនាគារកណ្តាលនានាបានទិញមាសចំនួន ៦៧៥ តោន ដែលជំរុញឱ្យក្រុមប្រឹក្សាមាសពិភពលោក (WGC) ដំឡើងការព្យាករតម្រូវការសម្រាប់ឆ្នាំនេះ។

ជម្រាបជូនថា ធនាគារកណ្តាលនានាបានទិញមាសជាមធ្យម ១ ០០០ តោនក្នុងមួយឆ្នាំក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ដែលជាចំនួនទ្វេដងនៃមធ្យមភាគក្នុងទសវត្សមុន។ សកម្មភាពនេះបានបង្កើតប្រភពតម្រូវការមាសដ៏រឹងមាំមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ ហានិភ័យអតិផរណា និងការផ្លាស់ប្តូរការព្យាករណ៍គោលនយោបាយរូបិយវត្ថុជាសកល៕​