ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធករណីទទួលសំណូក

អន្តរជាតិ

នាយកដ្ឋានព្រហ្មទណ្ឌនៃការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល បច្ចុប្បន្នកំពុងស៊ើបអង្កេតក្រោមបទចោទប្រកាន់ថា ជំទាវទី១ របស់កូរ៉ខាងត្បូង គឺលោកស្រី Kim Keon Hee បានទទួលយកសំណូក ដែលជាកាបូបដ៏មានតម្លៃថ្លៃមួយ ពីលោកឪម្ចាស់ព្រះវិហារសាសនាគ្រិស្តម្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមុន Voice of Seoul ដែលជាបណ្តាញព័ត៌មានតាមយូធូបដ៏ល្បីមួយ បានអះអាងថា ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលកាបូបមួយមានតម្លៃប្រហែល ៣លានវ៉ុន (២ ៣១៨ដុល្លារអាមេរិក) ពីលោកឪម្ចាស់ព្រះវិហារសាសនាគ្រិស្តជនជាតិកូរ៉េម្នាក់ ឈ្មោះ Choi Jae Young ហើយវីដេអូនៃការទទួលយកសំណូកនេះ ត្រូវបានថតដោយ សំងាត់ និងចែកចាយពាសពេញបណ្តាញសង្គម។

វីដេអូដែលដើរតួជាភស្តុតាងដ៏សំខាន់ក្នុងករណីនេះ ត្រូវបានគេរាយការណ៍ថា ថតដោយលោក Choi ផ្ទាល់តែម្តង ជាមួយនឹងការប្រើកាមេរ៉ាក្លែងធ្វើជានាឡិកា។ ហើយបន្ទាប់ពីការចេញផ្សាយវីដេអូនេះជាសាធារណ: ថ្នាកដឹកនាំរបស់ Voice of Seoul បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់អយ្យការ ដោយចោទប្រកាន់ភរិយាប្រធានាធិបតីកូរ៉េខាងត្បូងពីបទទទួកយកសំណូក។

សូមជម្រាបជូនថា នៅក្នុងប្រទេសកូរ៉េខាងត្បូង មានច្បាប់មួយបានចែងថា រាល់ប្តីប្រពន្ធរបស់មន្ត្រីសាធារណៈទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យទទួលអំណោយដែលមានតម្លៃលើសពី ១លានវ៉ុន (ប្រហែល ៧៧៥ដុល្លារ) ក្នុងមួយករណី ឬអំណោយដែលមានតម្លៃសរុបលើសពី ៣លានវ៉ុន (ប្រហែល ២ ៣៣០ដុល្លារ) ក្នុងរយៈពេលមួយឆ្នាំ។ ហើយការបំពានច្បាប់នេះ អាចបណ្តាលឱ្យជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០លានវ៉ុន។

ជម្រាបបន្ថែមថា ដោយសារតម្លៃនៃកាបូបដែលលោកស្រី Kim Keon Hee ទទួលយក ក្នុងការចោទប្រកាន់នេះ គឺមានតម្លៃលើសពីដែនកំណត់ និងធ្វើឲ្យមានផល់ប៉ះពាល់ផ្នែកច្បាប់របស់ប្រទេសកូរ៉េខាងត្បូងខ្លាំងណាស់ ជាពិសេសក្នុងនាមជាជំទាវទី១ របស់ប្រទេសផងដែរ។ ចាប់តាំងពីការចេញផ្សាយវីដេអូនេះមក ការិយាល័យប្រធានាធិបតី មិនបានចេញមុខធ្វើការឆ្លើយតប ឬធ្វើការអត្ថាធិប្បាយអ្វីនោះឡើយទៅលើបញ្ហានេះ ដែលជាហេតុធ្វើឲ្យ សាធារណ:ជន មានការចាប់អារម្មណ៍ជាខ្លាំង៕