លោក អ៊ុន ឃាង លើកទឹកចិត្តនិស្សិតអាហារូបករណ៍ ៩១ រូប ឱ្យលើកកម្ពស់កិត្តិយសជាតិ និងត្រឡប់មកបម្រើប្រទេសវិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាល និងលើកទឹកចិត្តដល់និស្សិតកម្ពុជាចំនួន ៩១ រូប ដែលជាជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៧ នៅទីស្តីការក្រសួង ដោយជំរុញឱ្យនិស្សិតទាំងអស់ចូលរួមលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ និងវិលត្រឡប់មកបម្រើប្រទេសជាតិវិញបន្ទាប់ពីបញ្ចប់ការសិក្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោករដ្ឋលេខាធិការ បានសម្តែងក្តីរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ដ៏មានតម្លៃនេះ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងដ៏ជិតសិ្នទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អូស្រ្តាលី និងកម្ពុជា-នូវែលសេឡង់។ បន្ថែមពីនេះ លោកបានលើកទឹកចិត្តដល់និស្សិតជ័យលាភី ដែលជាតំណាងរបស់កម្ពុជា ឱ្យរក្សាទំនាក់ទំនងឱ្យបានល្អជាមួយម្ចាស់ផ្ទះ និងបានសម្តែងក្តីសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាហារូបករណ៍ទាំងពីរក្រុម នឹងវិលត្រឡប់មកជាមួយចំណេះដឹង និងជំនាញ ដើម្បីបម្រើជាផលប្រយោជន៍ដល់ប្រទេសជាតិ។

ជាការឆ្លើយតប តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការអភិវឌ្ឍវិស័យធនធានមនុស្ស និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលតែងតែលើកទឹកចិត្តដល់ក្រុមនិស្សិតអាហារូបករណ៍។

ជាទីបញ្ចប់នៃជំនួបលោក អ៊ុន ឃាង បានជូនពរដល់ក្រុមនិសិ្សតធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេទ្បង់ ប្រកបដោយសុខសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា៕