តម្លៃមាសនៅលើទីផ្សារពិភពលោក ត្រូវបានរាយការណ៍ថាបានហក់ឡើងយ៉ាងខ្លាំងមិនធ្លាប់មានគិតចាប់តាំងពីខែសីហាមក បន្ទាប់ពីជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី៤ ខែវិច្ចិកា តម្លៃមាសសកល បានកើនឡើង ១២៩ដុល្លារបន្ថែមទៀត ដល់ ៤ ០៥៩ដុល្លារក្នុងមួយអោន។ នេះគឺជាការកើនឡើងខ្លាំងបំផុតគិតចាប់តាំងពីចុងខែសីហាមក។ ហើយនៅពេលបើកការជួញដូរឡើងវិញ នៅថ្ងៃទី៥ ខែវិច្ឆិកា តម្លៃមាសបន្តកើនឡើងបន្ថែមទៀត ដល់ ៤ ០៦៦ដុល្លារក្នុងមួយអោន។
យ៉ាងណាមិញ ទីផ្សារមាសបានកើនឡើងដោយសារតែប្រាក់ដុល្លារអាមេរិកធ្លាក់ចុះខ្សោយ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យទទួលបានការគ្រប់គ្រងលើសភាទាំងពីរក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ប្រាក់ដុល្លារអាមេរិក (USD) បច្ចុប្បន្នស្ថិតក្នុងកម្រិតខ្សោយបំផុតក្នុងរយៈពេលមួយខែ ខណៈពេលដែលវិនិយោគិនកំពុងពិចារណាលើលទ្ធភាពដែលគណបក្សប្រជាធិបតេយ្យនឹងជំរុញឱ្យមានបទប្បញ្ញត្តិរឹតបន្តឹងជាងមុនលើវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលអាចទាញកំណើនសេដ្ឋកិច្ចឱ្យធ្លាក់ចុះ។
ជម្រាបជូនផងដែរថា ក្រៅពីមាស លោហៈធាតុមានតម្លៃផ្សេងទៀតក៏បានកត់ត្រាពីការកើនឡើងយ៉ាងខ្លាំងផងដែរនៅថ្ងៃទី៤ ខែវិច្ឆិកា ក្នុងនោះប្រាក់ (Silver) បានកើនឡើង ៤,៩% ផ្លាទីន (Platinum) និងប៉ាឡាដ្យូម (Palladium) បានកើនឡើង ៥,៦% និង ៧,៥% រៀងៗគ្នា៕

