រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា សម្រាប់មន្ត្រីការទូត» កាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានជំរុញមន្ត្រីការទូតទាំងអស់ ឱ្យបន្តផ្សព្វផ្សាយសក្តានុពលវិនិយោគ និងឱកាសពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានចូលរួមធ្វើបទបង្ហាញស្តីពី «បច្ចុប្បន្នភាពស្ថានភាពពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៦» ដោយបានរំលេចពីស្ថានភាពទូទៅនៃពាណិជ្ជកម្មកម្ពុជា ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការកែទម្រង់ និងលើកកម្ពស់បរិយាកាសធុរកិច្ច ការលើកកម្ពស់ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ស្ថានបេសកកម្មអចិន្ត្រៃយ៍ និងអនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ការកសាងច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងទិសដៅជាយុទ្ធសាស្ត្រ។

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានស្នើសុំ និងផ្តាំផ្ញើទៅកាន់មន្ត្រីការទូត ឱ្យបន្តផ្សព្វផ្សាយសក្តានុពលវិនិយោគ និងឱកាសពាណិជ្ជកម្មកម្ពុជា ព្រមទាំងពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយអនុព័ន្ធពាណិជ្ជកម្ម ដោយគោរពតួនាទី និងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មាន សម្របសម្រួល និងរាយការណ៍លទ្ធផលជាប្រចាំ ដើម្បីធានាប្រសិទ្ធភាពការងារ និងឧត្តមប្រយោជន៍ជាតិ។

សូមជម្រាបដែរថា បើតាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ព្រមទាំងវាយតម្លៃផលប៉ះពាល់ពីបញ្ហាប្រឈមក្នុងតំបន់ និងសកល។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយ និងវិធានការឆ្លើយតបរបស់ក្រសួង-ស្ថាប័ន ព្រមទាំងលើកកម្ពស់តួនាទីមន្ត្រីការទូតក្នុងការគាំទ្រការអនុវត្តគោលនយោបាយ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ ហ្សាលីន


