វេទិកាជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក Binance បានប្រកាសថា ខ្លួនបានបំពេញនូវទ្រព្យសកម្មដែលត្រូវបានលួចនោះមកវិញស្ទើរតែទាំងអស់ ហើយបានពង្រីកវិសាលភាពនៃការផ្ទៀងផ្ទាត់ទុនបម្រុង (Reserve Verification) ពី ១០ ទៅ ៤៤ ប្រភេទរូបិយប័ណ្ណ (Tokens)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

Binance បានប្រកាសថា ខ្លួនបានទូទាត់ ៩៨% នៃទ្រព្យសកម្ម ដែលរងផលប៉ះពាល់ពីហេតុការណ៍លួចកាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ។ នៅក្នុងសេចក្តីប្រកាសមួយកាលពីចុងថ្ងៃទី៤ ខែវិច្ឆិកា វេទិកាជួញដូររូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមបើកប្រតិបត្តិការទិញរូបិយប័ណ្ណដែលនៅសល់តាមរយៈទីផ្សារជួញដូរភ្លាមៗ (Spot Market) និងការជួញដូរក្រៅផ្សារប្រព័ន្ធផ្លូវការ (OTC) ផងដែរ។
យ៉ាងណាមិញ បើយោងតាម Binance ទ្រព្យសកម្ម ២% ដែលនៅសល់នោះ គឺជាប្រភេទរូបិយប័ណ្ណគ្រីបតូសាច់ប្រាក់មិនងាយស្រួល (Illiquid) ដូច្នេះការទិញក្នុងបរិមាណដែលត្រូវការនឹងត្រូវចំណាយពេលយូរជាងនេះ។ វេទិកានេះអះអាងថា ខ្លួនបានបែងចែកធនធានផ្ទៃក្នុងដែលមានតម្លៃស្មើនឹងជាង ១០០% នៃមូលនិធិដែលត្រូវការ ដើម្បីសងការខាតបង់ ហើយនឹងមិនទម្លាក់បន្ទុកនៃការខាតបង់នេះទៅលើអតិថិជនឡើយ។
គួរឲ្យដឹងថា ហេតុការណ៍លួចចូលប្រព័ន្ធ (Hack) នៅលើ Binance ដែលបានកើតឡើងនៅថ្ងៃទី២៩ ខែតុលា បានបណ្តាលឱ្យបាត់បង់ទ្រព្យសកម្មឌីជីថលដែលមានតម្លៃជាង ៦,៣ពាន់លានដុល្លារ។ យោងតាមសេចក្តីប្រកាសរបស់ Binance ក្រុមហេគឃ័រ (Hackers) បានបង្កើតការសម្ភាសការងារក្លែងក្លាយមួយ រួចចូលទៅក្នុងកុំព្យូទ័ររបស់បុគ្គលិកតាមរយៈការចែកចាយកម្មវិធីមេរោគ (Malware) បន្ទាប់មកបានប្រើប្រាស់ព័ត៌មានសម្ងាត់ដែលលួចបាន ដើម្បីជ្រៀតចូលទៅក្នុងប្រព័ន្ធកាបូបលុយគ្រីបតូ (Cryptocurrency wallet system) របស់វេទិកានេះ ហើយផ្ទេរទ្រព្យសកម្មចេញពីប្រព័ន្ធ។
ជម្រាបជូនថា នៅថ្ងៃទី៣ ខែវិច្ឆិកា លោក Richard Teng ដែលជាសហនាយកប្រតិបត្តិ របស់ក្រុមហ៊ុន Binance បានថ្លែងថា សកម្មភាពដាក់ប្រាក់ និងដកប្រាក់របស់អតិថិជនបានវិលត្រឡប់ទៅរកភាពប្រក្រតីវិញស្ទើរតែទាំងស្រុងហើយ បន្ទាប់ពីមានការបិទប្រព័ន្ធប្រតិបត្តិការក្រោយការហេគដ៏ធំបំផុតរបស់ពិភពលោកនេះ៕

