កម្ពុជា-សហព័ន្ធអាល្លឺម៉ង់ ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានប្តេជ្ញាថា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា ដើម្បីទំនាក់ទំនង និងផ្តល់ប្រយោជន៍រួមគ្នារវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាងលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដែលដឹកនាំដោយ លោកស្រី Michaela Henning អនុប្រធានផ្នែកអាស៊ី-អាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) កាលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។​​ ជំនួបនេះមានការចូលរួមពី​ តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា,​ ​​តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KfW), និង តំណាងទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។

ជំនួបនេះជាកិច្ចពិភាក្សាទ្វេភាគីតាមវិស័យអាទិភាព ដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសជាតិ ដំណាក់កាលទី២” (Improved Competitiveness of National Enterprises Phase II – ICONE II) ក្នុងរយៈពេល ៦ខែកន្លងមកនេះ ​និងបានផ្លាស់ប្តូរយោបល់អំពីទិសដៅការងារ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានាក្រោ​មគម្រោង ដើម្បីធានានូវផលប្រយោជន៍រួម និងបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន