ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» រយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ដោយនាំយកឱកាសការងារសរុប ៩០,៨២៤ កន្លែង ជូនដល់ប្រជាពលរដ្ឋ យុវជន និងជាពិសេសអតីតពលករដែលទើបវិលត្រឡប់មកកម្ពុជាវិញ។

វេទិកាការងារនេះ នឹងបើកទទួលការដាក់ពាក្យ និងការសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុន-សហគ្រាស ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល នៅតាមទីតាំងគោលដៅចំនួន ៣ រួមមាន៖ ថ្ងៃអង្គារ ទី១០ វិច្ឆិកា៖ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត, ថ្ងៃពុធ ទី១១ វិច្ឆិកា៖ នៅបរិវេណសាលាស្រុកកូនមុំ, ថ្ងៃព្រហស្បតិ៍ ទី១២ វិច្ឆិកា៖ នៅបរិវេណសាលាស្រុកអូរជុំ។
ក្រោមស្មារតី «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» អ្នកចូលរួមទាំងអស់ នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង រួមមាន៖ សេវារថយន្តក្រុងដឹកជញ្ជូនទៅមក អាហារសម្រន់ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ពីសំណាក់កម្មវិធី។
សម្រាប់បងប្អូនអតីតពលករ និងសាធារណជនដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬសាកសួរព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ឥតគិតថ្លៃ ១២៩៧ (NEA) ឬ ១២៨៦ (ប.ស.ស.)៕

