លោក ទី នីតូរ្យ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក Zeyar Myo Myint អគ្គកុងស៊ុលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំក្រុងគុនមិញ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ជំនួបទ្វេភាគីដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន នាឱកាសដែលថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញចូលរួមក្នុង «សប្តាហ៍ពិព័រណ៍លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន លើកទី១»។
ផ្អែកលើសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតទ្វេភាគីកម្ពុជា-មីយ៉ាន់ម៉ា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការចាប់យកកាលានុវត្តភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្ម ការជំរុញការវិនិយោគ ការតភ្ជាប់វិស័យទេសចរណ៍ និងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

