ប្រជាពលរដ្ឋ និងយុវជនខ្មែរចំនួន ១៤,៦៤៦ នាក់ ក្នុងនោះមាននារី ២,៤១៧ នាក់ បានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត ខណៈរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសបេក្ខជនឆ្នើមចំនួន ៥,០០០ នាក់ សម្រាប់វគ្គហ្វឹកហ្វឺនជំនាន់ដំបូងប្រចាំឆ្នាំ២០២៦។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ។


ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យជ្រើសរើសប្រជាពលរដ្ឋខ្មែរភេទប្រុសសរុប ១០,០០០ នាក់ ដោយបែងចែកជា ២ វគ្គហ្វឹកហ្វឺន ក្នុងនោះគឺ៥,០០០ នាក់ក្នុងមួយវគ្គ ដោយបញ្ជូនទៅកាន់សាលាហ្វឹកហ្វឺនទាំង ៨ ទូទាំងប្រទេស។ ក្នុងនោះ បញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលជាទីតាំងប្រារព្ធពិធីបើកវគ្គ បានត្រៀមលក្ខណៈរួចរាល់ទទួលយោធិនកាតព្វកិច្ចចំនួន ១,៥០០ នាក់ ហើយនៅថ្ងៃទី១០ ខែវិច្ឆិកា គណៈកម្មាធិការជាតិនឹងបន្តប្រារព្ធពិធីបើកវគ្គនៅតាមសាលាទាំង ៧ ទៀត រួមមាន សាលាពលទាហានទី១ ដល់ទី៥, សាលាពលទាហានយោធភូមិភាគពិសេស និងសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវសមិទ្ធផលសំខាន់ៗដែលសម្រេចបាន រួមមាន៖ ការបង្កើតប្រព័ន្ធបច្ចេកវិទ្យា Web Portal គ្រប់គ្រងការចុះឈ្មោះ និងតាមដានបេក្ខជន, ការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធអគារស្នាក់នៅ ទីលានហ្វឹកហ្វឺន និងទីលានបាញ់គ្រាប់ពិត, ការផ្គត់ផ្គង់អង្ករ ១១៤ តោនសម្រាប់ខែដំបូង និងយោធបរិក្ខារ ១៤ មុខ សម្រាប់ឆ្នាំទី១ ព្រមទាំងការរៀបចំកម្មវិធីហ្វឹកហ្វឺនរួមរយៈពេល ៣ ខែ ស្មើនឹង ៩១ ថ្ងៃ ដោយហ្វឹកហ្វឺន ៦ ថ្ងៃក្នុងមួយសប្តាហ៍ និង ៧ ម៉ោងក្នុងមួយថ្ងៃ មុននឹងចេញទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាព។
សូមជម្រាបថា យោងតាមច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានកំណត់កាតព្វកិច្ចលើបុរសខ្មែរអាយុ ១៨ ដល់ ២៥ ឆ្នាំ ឱ្យចូលបំពេញការងារក្នុងកងទ័ពរយៈពេល ២៤ ខែ ចំណែកស្ត្រីអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត ហើយក្រោយបញ្ចប់កាតព្វកិច្ច នឹងត្រូវស្ថិតក្នុងបញ្ជីទ័ពបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ។ ក្នុងអំឡុងពេលបំពេញកាតព្វកិច្ច យោធិនម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ ម៉ឺនរៀលក្នុងមួយខែ រួមទាំងរបបហូបចុក ប្រាក់បំណាច់គ្រួសារ ឯកសណ្ឋាន និងការថែទាំព្យាបាលសុខភាពដោយឥតគិតថ្លៃពីរដ្ឋាភិបាល៕




