តម្លៃមាសសកលក្នុងមួយអោន បានកើនឡើងដល់ជិត ៧០ដុល្លារ ដោយសារតែតម្លៃលុយដុល្លារអាមេរិកបានធ្លាក់ចុះខ្សោយ ស្របពេលដែលតម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent បានធ្លាក់ចុះអស់ជិត ៦ដុល្លារក្នុងមួយបារ៉ែល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា នៅពេលបិទទីផ្សារនៅថ្ងៃទី៩ ខែវិច្ឆិកា តម្លៃមាស បានកើនឡើង ៦៩ដុល្លារបន្ថែមទៀត ដល់ ៤ ១៣៩ដុល្លារ ក្នុងមួយអោន។ ទីផ្សារមាស បានងើបឡើងវិញដោយសារតែប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះខ្សោយ ហើយក្តីបារម្ភអំពីអតិផរណាបានថយចុះជាបណ្តោះអាសន្ន បន្ទាប់ពីតម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំង។
ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៥,៨% ឬជិត ៦ដុល្លារ មកនៅត្រឹម ៩២,៥០ដុល្លារក្នុងមួយបារ៉ែល ខណៈពលដែលប្រេងឆៅប្រភេទ WTI របស់អាមេរិកក៏បានធ្លាក់ចុះជាង ៤% ដោយធ្លាក់ចុះមកត្រឹម ៨៦,៨០ដុល្លារផងដែរ។
គួរឲ្យដឹងថា តម្លៃប្រេងឆៅសកលបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ធូបន្ថយលទ្ធភាពនៃការបន្តការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ តែទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារលើកប៉ាល់ជុំវិញច្រកសមុទ្រ Hormuz នៅតែបន្តធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ដដែល៕

