CDC៖ កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើយឱ្យទៅជាតំបន់ឧស្សាហកម្មជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើយឱ្យទៅជាតំបន់ឧស្សាហកម្ម ដែលបាននិងកំពុងបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗជាច្រើន។នេះបើយោងតាមប្រសាសន៍របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាំង អ៊ិនធើណេសិនណល កាលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦  ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍ និងប្រតិបត្តិការនៅក្នុងតំបន់ទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការបានលើកឡើងអំពីសាវតានៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលជាលទ្ធផលនៃគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ លោកថា គំនិតផ្តួចផ្តើមនេះបានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើយឱ្យទៅជាតំបន់ឧស្សាហកម្ម ដែលបាននិងកំពុងបន្តទាក់ទាញគម្រោងវិនិយោគថ្មីៗជាច្រើន ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ពីឧស្សាហកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា និងមានតម្លៃបន្ថែមខ្ពស់។

ជាមួយគ្នានេះ លោកបានរំលឹកឡើងវិញនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនខិតខំផលិត និងកែច្នៃផលិតផលនៅក្នុងស្រុក មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កើនតម្លៃបន្ថែម និងកាត់បន្ថយហានិភ័យដែលអាចកើតមានពីភាពមិនប្រាកដប្រជានៃការនាំចេញទៅក្រៅប្រទេស។ ទន្ទឹមនេះ លោកក៏បានលើកឡើងពីប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការកែច្នៃកសិផលក្នុងស្រុក ដើម្បីបង្កើនតម្លៃបន្ថែម ព្រមទាំងពង្រឹងការតភ្ជាប់រវាងការវិនិយោគបរទេស និងឧស្សាហកម្មក្នុងស្រុក ក្នុងគោលដៅធានានូវការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព។

គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ៣៩តំបន់ ដោយបានស្រូបទាញគម្រោងវិនិយោគសរុបចំនួន ១.១៤៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៥ប៊ីលានដុល្លារអាម៉េរិក និងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណជិត ២៧ម៉ឺនកន្លែង៕ អត្ថបទ៖ហ្សាលីន