អតិរេកពាណិជ្ជកម្មរបស់ចិន កើនឡើងលើស ១ទ្រីលានដុល្លារ ជំរុញដោយការរីកចម្រើននៃវិស័យ AI

អន្តរជាតិ

អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងលើស ១ទ្រីលានដុល្លារ ក្នុងរយៈពេលត្រឹមតែ ១០ខែដំបូងនៃឆ្នាំ២០២៦ នេះ។ ការកើនឡើងនេះបានកើតឡើងដោយសារតែការប្រកួតប្រជែងជាសកលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ញាសិប្បនិម្មិត (AI) ដែលបានជួយជំរុញដល់ការលក់ផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ និងជួយទូទាត់សងចំពោះតម្រូវការក្នុងស្រុកដែលចុះខ្សោយខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញតួលេខទាំងនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទីក្រុងប៉េកាំងកាន់តែពឹងផ្អែកខ្លាំងលើតម្រូវការពីបរទេស ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងជួបបញ្ហាដោយសារការប្រើប្រាស់ក្នុងស្រុកមានកម្រិតទាប និងវិបត្តិក្នុងវិស័យអចលនទ្រព្យដែលបន្តអូសបន្លាយពេលយូរ។

យោងតាមទិន្នន័យគយដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា បានបង្ហាញថា ការនាំចេញបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣៥,២% នៅក្នុងខែតុលា បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ អត្រានេះយឺតជាងការកើនឡើង ៣៦,៣% នៅក្នុងខែកញ្ញាបន្តិច ប៉ុន្តែខ្ពស់ជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចដែលរំពឹងថានឹងមានកំណើនត្រឹម ៣៣,៥%។

កត្តានេះបានជួយរុញច្រានអតិរេកពាណិជ្ជកម្មរបស់ចិនឲ្យហក់ឡើងលើស ១,០៤ទ្រីលានដុល្លារ ក្នុងរយៈពេល ១០ខែដំបូង ដែលនេះក៏ជាឆ្នាំទី២ ជាប់ៗគ្នាហើយដែលតួលេខអតិររកពាណិជ្ជកម្មនេះលើសពី ១ទ្រីលានដុល្លារ។

គួរជម្រាបជូនផងដែរថា ការកើនឡើងនៃអតិរេកពាណិជ្ជកម្មនេះ អាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀតជាមួយសហភាពអឺរ៉ុប ខណៈមេដឹកនាំនៅ EU បានអំពាវនាវឱ្យមានការដាក់កម្រិតពាណិជ្ជកម្មបន្ថែមទៀតលើប្រទេសចិន បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង ដើម្បីកំណត់ការនាំចេញរថយន្តប្រភេទ Hybrid របស់ចិនចូលទៅក្នុងប្លុកនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕​