តម្លៃមូលធនទីផ្សារ Nvidia បន្តខាតបង់ដល់ជាង ៤០០ពាន់លានដុល្លារ ជុំវិញរឿងអាស្រូវ CEO របស់ខ្លួន

អន្តរជាតិ

តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បន្តធ្លាក់ចុះដល់ជាង ៤០០ពាន់លានដុល្លារ​ បន្ទាប់ពីក្រុមវិនិយោគិនសម្រុកលក់ភាគហ៊ុនចេញជាបន្តបន្ទាប់ ក្រោយផ្ទុះរឿងអាស្រូវស្នេហាលួចលាក់របស់ CEO លោក Jensen Huang ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បន្តរងការលក់ចេញយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវគ្គជួញដូរកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយបានធ្លាក់ចុះអស់ ៥,៥% បន្ថែមទៀត។ ជុំវិញបញ្ហានេះ បានទាញតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនឲ្យចុះមកនៅត្រឹម ៤,០៧ទ្រីលានដុល្លារ។

មិនតែប៉ុណ្ណោះ ការធ្លាក់ចុះនេះ ក៏បានធ្វើឱ្យទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិលោក Jensen Huang ថយចុះ ៨,៣ពាន់លានដុល្លារបន្ថែមទៀតផងដែរ។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបចំនួន ១៤៧ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ទី១២ ក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក។

នៅត្រឹមតែការជួញដូរពីរវគ្គចុងក្រោយ តម្លៃមូលធនទីផ្សាររបស់ Nvidia បានខាតបង់ជាង ៤០០ពាន់លានដុល្លារ។ មានពេលខ្លះ ទំហំទីផ្សាររបស់ក្រុមហ៊ុនបានធ្លាក់ចុះក្រោម ៤ទ្រីលានដុល្លារផងដែរ។

គួរជម្រាបជូនថា រឿងអាស្រូវស្នេហាលួចលាក់ពាក់ព័ន្ធនឹងនាយកប្រតិបត្តិលោក Jensen Huang បន្តប៉ះពាល់យ៉ាងខ្លាំងដល់ភាគហ៊ុនរបស់ក្រុមហ៊ុន។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា Nvidia បានប្រកាសពីការស៊ើបអង្កេតលើលោក Huang ថាតើអាចមានពាក់ព័ន្ធទៅនឹងអំពើចារកម្មដែរឬទេ។ រឿងនេះកើតឡើងបន្ទាប់ពីលោកបានសារភាពថាមានទំនាក់ទំនងស្នេហាជាមួយអ្នកស្រី Alice Huang ដែលជាអ្នកជំនួញម្នាក់ត្រូវបានសង្ស័យថាជាភ្នាក់ងារចារកម្មចិន៕​