លោក សេនីន ធី ម៉ាន់ហ្គាលី (Senen T. Mangalile) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយសម្ដេចប្រធានរដ្ឋសភានាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហាញប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

នាឱកាសនោះ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឫកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ បេសកកម្មការទូតដ៏មានតម្លៃនេះ សំដៅលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែលបានកសាងរួមគ្នាតាំងពីឆ្នាំ១៩៥៧ ឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។
សម្ដេច ជឿជាក់ថា តាមរយៈបេសកកម្មការទូតនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ការពារជាតិ កសិកម្ម និងទេសចរណ៍ជាដើម។

ជាការឆ្លើយតប លោក សេនីន ធី ម៉ាន់ហ្គាលី បានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។លោកក៏បានជម្រាបជូនសម្ដេចពីគម្រោងមួយចំនួនដែលនឹងត្រូវរៀបចំឡើងសម្រាប់អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីនក្នុងឆ្នាំក្រោយនេះផងដែរ ដូចជាការបង្កើតឱ្យមានជំនួបពិភាក្សាគ្នារវាងធុរជននៃប្រទេសទាំងពីរជាដើម។
សូមជម្រាបថា តាមរយៈជំនួបនេះ សម្ដេចប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះផងដែរ៕
អត្ថបទ៖ហ្សាលីន

