ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ បុរសជោគជ័យក្នុងអាជីវកម្មយ៉ាងណាក៏ដោយ បើមិនអាចធ្វើឱ្យមានតុល្យភាព​រវាងបញ្ហាផ្ទាល់ខ្លួន និងបញ្ហាគ្រួសារ នោះទ្រព្យសម្បត្តិនឹងក្លាយជារឿងកំប្លែង

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក យល់ឃើញថា បុរសជោគជ័យក្នុង​អាជីវកម្មយ៉ាងណាក៏ដោយ បើមិនអាចធ្វើឱ្យមានតុល្យភាពរវាងបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ អាជីវកម្ម និងសង្គមជាតិទេ នោះទ្រព្យសម្បត្តិដែលរកបានមក នឹងក្លាយជារឿងកំប្លែងធំមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ស្រា​បំផ្លាញសុខភាព ល្បែងបំផ្លាញទ្រព្យសម្បត្តិ ហើយស្រីបំផ្លាញអ្វីៗគ្រប់យ៉ាង តែបើគ្មានមនុស្សស្រីទេ តើលុយកាក មាសប្រាក់ ទ្រព្យសម្បត្តិ ឋានៈ និងបុណ្យសក្តិ ដែលមនុស្សប្រុសខំប្រឹករកយកដើម្បីនរណា?

 “មនុស្សប្រុសប្រឹងរកលុយមក មិនមែនដើម្បីធ្វើឱ្យខ្លួនឯង​មាន​សុភមង្គលទេ តែដើម្បីធ្វើឱ្យមនុស្សដែលខ្លួន​ស្រលាញ់​មានសុភមង្គល ដោយរឿងផ្ទាល់ខ្លួនរបស់លោក Jensen Huang បានបង្ហាញឱ្យយើងឃើញថា បុរសជោគជ័យក្នុងអាជីវកម្មយ៉ាងណាក៏ដោយ បើមិនអាចធ្វើឱ្យមាន​តុល្យភាព​​រវាងបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ អាជីវកម្ម និងសង្គមជាតិ នោះទ្រព្យសម្បត្តិដែលគាត់រកបានមក នឹងក្លាយជារឿងកំប្លែងធំមួយ”។ លោកឧកញ៉ា​បណ្ឌិត បានបន្ថែម។

លោកឧកញ៉ា​បណ្ឌិត បានបន្តថា បើលោក Jensen Huang មានទ្រព្យសម្បត្តិត្រឹម ១៦០លានរៀល នោះក៏គ្មាន​នរណាចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់គាត់ទេ តែនេះគាត់មានទ្រព្យសម្បត្តិដល់ប្រហែល ១៦០ពាន់លាន​ដុល្លារអាមេរិក ជាអ្នកមានបំផុតទាំងដប់ក្នុងពិភពលោក អាចចិញ្ចឹមប្រទេសកម្ពុជាបានជាង ១០ឆ្នាំ និងធំជាង​សេដ្ឋកិច្ចកម្ពុជាប្រហែល ៣ដង។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ។ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ រយៈពេលជាង ២០ឆ្នាំ លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា គង់ សំណាង មានបុត្រាបុត្រី សរុបចំនួន ៤នាក់៕