(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋាន (គ.ស.ឯ.រ.ជ) តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់ស្តីពីពាណិជ្ជកម្ម ជំនាញ និងគោលនយោបាយសារពើពន្ធ ក្នុងបរិបទដែលពិភពលោកកំពុងមានការបែកបាក់៖ ផលវិបាកសម្រាប់កម្ពុជា។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងដោយមានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងដៃគូអភិវឌ្ឍន៍ តំណាងសមាគម រួមនិងវិស័យឯកជនជាច្រើនទៀតផងដែរ។
បើតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាស៊ីជម្រៅអំពីបញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់សេដ្ឋកិច្ចកម្ពុជា ចំពោះមុខការប្រែប្រួលភូមិសាស្ត្រនយោបាយ និងការបែកបាក់ខ្សែច្រវាក់ផ្គត់ ផ្គង់សកល។ តាមរយៈវេទិកានេះ ភាគីពាក់ព័ន្ធបានផ្តោតការយកចិត្តទុកដាក់លើសសរស្តម្ភគោលនយោបាយសំខាន់ៗចំនួន ៣ រួមមាន៖
១. គោលនយោបាយពាណិជ្ជកម្ម៖ ការពង្រឹងភាពប្រកួតប្រជែង និងពិពិធកម្មទីផ្សារនាំចេញ។
២. ការអភិវឌ្ឍជំនាញ៖ ការលើកកម្ពស់សមត្ថភាពមូលធនមនុស្សឱ្យស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យាថ្មីៗ និង
៣. គោលនយោបាយសារពើពន្ធ៖ ការតម្រង់ទិសហិរញ្ញវត្ថុសាធារណៈប្រកបដោយភាពធន់ ដើម្បីជំរុញបរិយាកាសធុរកិច្ច និងការវិនិយោគ។










