CDC សង្ឃឹមថាប្រទេសរូម៉ានីនឹង គាំទ្រការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ ដល់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញក្តីសង្ឃឹមថា ប្រទេសរូម៉ានីនឹង គាំទ្រការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ ដល់កម្ពុជាបន្ទាប់ពីការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញក្តីសង្ឃឹមនេះ បានធ្វើឡើងកាលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជំនួបរវាង លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Mihai Andritoiu កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសរូម៉ានី និងជាប្រធានសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីសំណាក់លោក ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរូម៉ានី ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី ។

នាឱកាសនោះ លោកអគ្គលេខាធិការរងបានស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ លោកអគ្គលេខាធិការរងបានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-រូម៉ានី តាំងពីជំនាន់សង្គមរាស្ត្រនិយម ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណ៦៣ឆ្នាំមកហើយ និងបានជម្រាបជូនគណៈប្រតិភូអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបានថ្លែងអំណរគុណដល់ប្រទេសរូម៉ានី ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ដល់កម្ពុជា ហើយសង្ឃឹមថារូម៉ានីនឹង គាំទ្រការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម GSP+ ដល់កម្ពុជាបន្ទាប់ពីការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ CDC ក៏បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការស្វាគមន៍ សម្របសម្រួល និងគាំទ្រដល់វិនិយោគិន មិនត្រឹមតែនៅដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ហ្សាលីន