រដ្ឋបំបែក​ទី​តាំង​អាគារ​រដ្ឋ​បាល​ក្រុង​បូក​គោថ្មី​ជា​២​កន្លែង​ ខណៈសម្តេច ស ខេង ថា ភូមិ​សាស្ត្រ​ក្រុងបច្ចុប្បន្ន​មានធំទូលាយ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួង​មហាផ្ទៃ បានគូសបញ្ជាក់ថា ​ភូមិ​សាស្ត្រ​ក្រុង​បូក​គោ​បច្ចុប្បន្ន​មានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុង​ថ្មី​នេះ​អាច​នឹ​ង​មាន​ប្រជាជន​ម​ក​រស់​នៅ​កាន់​តែ​ច្រើន​ ពិសេស​នៅ​លើ​ភ្នំ​បូក​គោ​ដែលកំ​ពុង​មាន​ការ​អភិវឌ្ឍ។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​សាង​សង់​អគារ​រដ្ឋ​សា​លា​ក្រុង​បូក​គោថ្មី នៅខេត្តកំពត នាថ្ងៃចន្ទ ទី០៧ កុម្ភៈម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចក្រឡាហោម ដើម្បីបង្កើនភាពងាយស្រួល និង​ឆាប់​រហ័ស​ក្នុង​ការ​បម្រើ​សេ​វា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ រដ្ឋ​បាន​សម្រេច​រៀប​​ចំ​ទី​តាំង​អគារ​រដ្ឋ​បាល​ក្រុង​បូក​គោ​ជា​២​កន្លែង​ គឺនៅសាលាក្រុងចាស់​ក្បែរ​ច្រក​ចូល​ឧទ្យាន​ជាតិ​ព្រះ​មុ​នី​វ​ង្ស​បូក​គោ​ និងនៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ។

ជាមួយគ្នានេះដែរ សម្តេចបានណែនាំឲ្យអាជ្ញាធរខេត្ត និងក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។ លើសពីនេះសម្តេចបានជំរុញឲ្យក្រុមការងារពាក់ព័ន្ធនឹងពន្លឿការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ផ្នែកខាងក្រោមដើម្បីរៀបចំកសាងកន្លែងធ្វើការងារឲ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ។

គួររម្លឹកជូនថា រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងបូកគោថ្មី ស្ថិតក្នុងខេត្តកំពត ដើម្បីបង្កើតទីប្រជុំជនថ្មី និងទាក់ទេញភ្ញៀវទេសចរ។ ក្នុងអនុក្រឹត្យ​ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបង្កើត«ក្រុងបូកគោ»នៃខេត្តកំពត ដោយ​បានកាត់យក​ឃុំចំនួន៣ ពី​ស្រុកទឹក​ឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ឱ្យ​ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងបូកគោវិញ។

ការបង្កើតក្រុងថ្មីនេះ នឹងធ្វើឱ្យក្រុងនៅខេត្តកំពតកើនដល់២ ដែលក្នុងនោះរួមមាន «ក្រុងកំពត» និង «ក្រុ​ងបូកគោ» ដែលទើប​បង្កើត​ថ្មីនេះ ខណៈស្រុកក្នុងខេត្តនេះមានចំនួន៧ គឺស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកដងទង់ និងស្រុកជុំគិរី៕