លោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ថា លោកនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានារបស់កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។នេះបើយោងតាមជំនួបពិភាក្សា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយលោក គ្រីស្តូហ្វឺ ចន អានដ័រសុន (Christopher Jon Anderson) ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា ការមកដល់ប្រទេសកម្ពុជានេះ គឺដើម្បីបង្កើននូវភាពជាដៃគូរវាងកម្ពុជា និងអាមេរិក ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកក៏បានអរគុណចំពោះកម្ពុជាដែលបានធ្វើកិច្ចការងារក៏ដូចជាសហការជាមួយនឹងសហរដ្ឋអាមេរិកនាពេលកន្លងមក ទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ រវាងកម្ពុជានិងអាមេរិកដែលពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។
លោកក៏សម្តែងក្តីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងអាមេរិកនៅពេលកន្លងមក ខណៈលោកក៏មានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់កម្ពុជា។លោក សង្ឃឹមថាកម្ពុជា នឹងខិតខំប្រឹងប្រែងជាពិសេសបើកជំហរយ៉ាងសកម្មដល់អាជីវកម្ម ឬការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។


ជាការឆ្លើយតប សម្ដេចតេជោក៏បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំនៅកម្ពុជាទាក់ទងទៅនឹងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ដោយសម្ដេចបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ថានឹងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនៅក្នុងប្រទេសកម្ពុជាឲ្យអស់តែម្ដង ពីព្រោះថាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាបញ្ហាសាកល មិនមែនតែប្រទេសកម្ពុជាតែឯងនោះទេ កម្ពុជាក៏ជាប្រទេសរងគ្រោះផងដែរ ដូច្នេះត្រូវចូលរួមសហការគ្នា។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីរូបនេះ ក៏បានបញ្ជាក់ជូនសម្ដេចតេជោថា លោកនឹងធ្វើដំណើរទៅតាមបណ្ដាខេត្តនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកឱកាសក៏ដូចជាបង្កនូវលក្ខណៈនៃការវិនិយោគដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឲ្យមានការកើនឡើងបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន


