កម្ពុជា-រវ៉ាន់ដា ចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន​ ៣​

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-រវ៉ាន់ដា បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​ និងបានសម្រេចចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន​ ៣ផងដែរ រួមមាន៖

១. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការអភិវឌ្ឍន៍រវ៉ាន់ដា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍។

៣. កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង​លោក Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

មុនចុះហត្ថលេខារវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរ ក៏មានជំនួបពិភាក្សាការងារងដែរ ដោយបានបង្ហាញពីការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ, ជាពិសេស លើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និង វិស័យសក្កានុពលសំខាន់ៗមួយចំនួនទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តស្វែងយល់ពីកាលានុវត្តភាពលើវិស័យសក្តានុពល និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។

ដោយថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺរវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ស្របពេលដែលកម្ពុជានឹងក្លាយ​ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។ ដោយឡែក, ក្នុងក្របខ័ណ្ឌតំបន់ និងសកល ក៏ជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ព្រមទាំងបន្តជំរុញយន្តការពហុភាគីនិយម តាមរយៈអង្គការសហប្រជាជាតិ (UN) ចលនាមិនចូលបក្សសម្ព័ន្ធ និងមហាគ្រួសារហ្វ្រង់កូហ្វូនី ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅនាំមកនូវសន្តិភាព,​​ ស្ថេរភាព និង វិបុលភាពរួម។