រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃការទូតពហុភាគី

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា កម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី តាមរយៈការទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងតំណាងរដ្ឋ និងរដ្ឋាភិបាលនៃមហាគ្រួសារហ្វ្រង់កូហ្វូនីមកពីទ្វីបទាំងប្រាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងពីកិ​ត្យានុភា​ពជាតិ ការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មរបស់កម្ពុជានៅលើឆាកការទូតពហុភាគី។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ព្រឹត្តិការណ៍នេះកាន់តែមានអត្ថន័យជ្រាលជ្រៅ ដោយសារតែកម្ពុជាជាមាតុភូមិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយព្រះអង្គនៃសហគមន៍ហ្វ្រង់កូហ្វូនី។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «អ្វីដែលព្រះអង្គបានរួមចំណែកបង្កើតឡើងកាលពីជាងកន្លះសតវត្សរ៍មុន ថ្ងៃនេះបានវិលមកជួបជុំគ្នានៅលើទឹកដីកម្ពុជា ដែលជាទឹកដីនៃអរិយធម៌ និងជាប្រទេសដែលបានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងការកសាងប្រទេសឡើងវិញ។នេះគឺជាការផ្សារភ្ជាប់ដ៏មានអត្ថន័យ រវាងព្រះរាជបេតិកភណ្ឌ ប្រវត្តិសាស្ត្រជាតិ និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ»៕  ប្រភព៖ ក្រសួងព័ត៌មាន