ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង៖ បារាំងមានកិត្តិយសផ្ទេរតំណែងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជូនកម្ពុជា ​ប្រកបដោយ​ទំនុកចិត្ត

ជុំវិញ​ឧកញ៉ា

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានធ្វើការអំពាវ​នាវឱ្យមានការឯកភាព និងកុងសង់ស៊ីស នៅក្នុងចំណោមប្រទេសជា​សមាជិក​ហ្វ្រង់កូហ្វូនី​ទាំងអស់ ហើយ​តាមរយៈការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ កម្ពុជា នឹងជួយជំរុញសហគមន៍ហ្វ្រង់កូហ្វូនី ឱ្យបាន​ខ្ពង់ខ្ពស់ ហើយធ្វើកិច្ចការហ្រ្វង់កូហ្វូនី នៅគ្រប់ជ្រុងទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្ដមប្រធានាធិបតីបារាំង បានថ្លែងថា៖ «បារាំង មានកិត្តិយសផ្ទេរតំណែងជាប្រធានដល់កម្ពុជា​ប្រកបដោយ​ទំនុកចិត្ត និងការប្ដេជ្ញាចិត្តរបស់កម្ពុជា។ យើងនៅតែបន្តអមដំណើរសម្ដេចអធិបតីនាយករដ្ឋមន្រ្ដី ហើយ ខ្ញុំសង្ឃឹមថា កម្ពុជា នឹងជួយជំរុញសហគមន៍យើងឱ្យបានខ្ពង់ខ្ពស់ហើយធ្វើកិច្ចការហ្រ្វង់កូហ្វូនី នៅគ្រប់ជ្រុង​ទាំងអស់»។

ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ និងផ្ទេរតួនាទីជាប្រធានកិច្ចប្រជុំកំពូលលើកទី២០ ជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង នៅតែចូលរួមយ៉ាងសកម្មនៅក្នុងអង្គការហ្រ្វង់កូហ្វូនី ការប្តេជ្ញាចិត្តរបស់យើងគឺអាចវាស់វែងបានទៅលើភាព​សកម្មរបស់យើងទាំងអស់គ្នា ដែលចូលរួមធ្វើឱ្យអង្គការនេះកាន់តែមានតួនាទីសំខាន់ និងមានភាពរស់រវើក។

ឯកឧត្ដមប្រធានាធិបតីបានសង្កត់ធ្ងន់ថា៖ «ហ្វ្រង់កូហ្វូនីដែលយើងចង់បាន មិនមែនជាហ្វ្រង់កូហ្វូនីដែលបិទទ្វារ ឬមានការប្រេះឆាផ្ទៃក្នុងនោះទេ» ហើយលោកបានបន្ថែមថា «យើងត្រូវតែយកចិត្តទុកដាក់ការ ពារ នូវអ្វីដែលជាកម្លាំងរបស់អង្គការ ពោលគឺឯកភាពរបស់ខ្លួន»។

ឯកឧត្ដមប្រធានាធិបតីបានគូសបញ្ជាក់ថា ការរួបរួមគ្នារបស់អង្គការហ្រ្វង់កូហ្វូនី តែងតែពង្រីកសមាជិក​របស់ខ្លួន​ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ ហើយនៅតែបន្តពង្រីក ហើយនេះគឺជាសំណាងមួយរបស់ហ្រ្វង់កូហ្វូនីដោយ មានការចរចាគ្នាដោយស្មោះត្រង់ និងម៉ឺងម៉ាត់ដោយផ្អែកទៅលើចំណុចរួម និងចៀសវាងការយកភាព​ខុសគ្នា​មកដាក់ពីមុខ។ សមាជិកទាំងអស់ត្រូវបង្កើតភាពកុងសង់ស៊ីស ដើម្បីឯកភាពគ្នានេះហើយគឺជាមហិច្ឆ តារបស់អង្គការហ្រ្វង់កូហ្វូនី នៅក្នុងកិច្ចប្រជុំនេះ។

ឯកឧត្ដមប្រធានាធិបតីបានបញ្ជាក់បន្ថែមថា៖ «ថ្ងៃនេះយើងចង់ផ្ទេរសកម្មភាពរបស់អង្គការហ្រ្វង់កូហ្វូនី ទៅឱ្យ​កម្ពុជា យើងចង់ឱ្យសកម្មភាពរបស់ប្រទេសកម្ពុជា ជាសកម្មភាពដែលមានការគោរពច្បាប់ និងសន្តិភាព ខណៈដែល​ភាសាបារាំងបានវិលត្រឡប់មកកាន់ទីក្រុងភ្នំពេញជាថ្មី»៕

រូបភាព៖ AKP