តារាចម្រៀងរេប លោក វណ្ណដា ទទួលជួបបដិសណ្ឋារកិច្ចឯកជនជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តារាចម្រៀងរ៉េប លោក វណ្ណដា រួមជាមួយក្រុមការងារផលិតកម្ម បារមី បានទទួលកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាលក្ខណៈឯកជន ជាមួយ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោកជំទាវទីមួយ Brigitte Macron និងលោកជំទាវ Catherine Pégard រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកកិច្ចសន្ទនាផ្លាស់ប្តូរទស្សនៈ ស្តីពីការរីកលូតលាស់ប្រកបដោយសក្តានុពលនៃវិស័យតន្ត្រី សិល្បៈ និងវប្បធម៌នៅក្នុងប្រទេសកម្ពុជា។ តាមរយៈសំណេរផ្លូវការរបស់ផលិតកម្ម បារមី បានបង្ហាញពីមោទនភាព និងចំណាប់អារម្មណ៍ថា ជំនួបដ៏មានតម្លៃនារាត្រីកន្លងទៅនេះ គឺជាការរំលឹកឡើងវិញថា «តន្ត្រីពិតជាគ្មានព្រំដែនឡើយ»។

ផលិតកម្ម ក៏បានគូសបញ្ជាក់បន្ថែមអំពីដំណើរវិវត្តន៍ដ៏អស្ចារ្យរបស់សិល្បៈតន្ត្រីខ្មែរ ចាប់តាំងពីជំហានដំបូងនៅលើទឹកដីកម្ពុជា រហូតបានឈានជើងឡើងសម្តែងលើឆាកអន្តរជាតិដ៏ធំនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស និងការវិលត្រឡប់មកកាន់មាតុភូមិវិញ ដើម្បីចូលរួមក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលនេះ។

សមិទ្ធផលទាំងអស់នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រឿងរ៉ាវ សំឡេង និងអត្តសញ្ញាណវប្បធម៌របស់កម្ពុជា នៅតែបន្តធ្វើដំណើរទៅកាន់ពិភពលោកដ៏ទូលំទូលាយ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ដួងចិត្តមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសា និងគ្រប់ជំនាន់ ឱ្យកាន់តែខិតជិតស្និទ្ធនឹងគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោក វណ្ណដា និងក្រុមការងារផលិតកម្ម បារមី ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធានាធិបតី Emmanuel Macron គណៈប្រតិភូ ស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលបានអញ្ជើញ និងផ្តល់ឱកាសឱ្យសិល្បករខ្មែរបានចូលរួមចែករំលែកក្នុងរាត្រីដ៏មានតម្លៃ និងមិនអាចបំភ្លេចបាននេះ ព្រមទាំងបានជូនពរឱ្យដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងគណៈប្រតិភូបារាំងទាំងអស់ ប្រព្រឹត្តទៅដោយរលូន និងពោរពេញដោយអនុស្សាវរីយ៍ល្អៗនៅលើទឹកដីកម្ពុជា។