កម្ពុជា-បារាំង បានរួមគ្នារៀចំវេទិកាធុរកិច្ចទ្វេភាគី លើកទី៣ ឆ្នាំ២០២៦ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគថ្មីៗរវាងភាគីទាំងពីរបន្ថែមទៀត។

វេទិកានេះបានរៀបចំឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និសីទ GDT និងសណ្ឋាគារ Raffles Le Royal Phnom Penh។ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្រ្វង់ហ្វូកូនី លើកទី២០។វេទិកាដ៏សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងពាណិជ្ជកម្មទ្វេភាគី និងបង្កើតដៃគូសហប្រតិបត្តិការថ្មីៗរវាងកម្ពុជា បារាំង និងបណ្តាប្រទេសនិយាយភាសាបារាំងដទៃទៀត។ ព្រឹត្តិការណ៍នេះនឹងបើកទំព័រថ្មីមួយសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគ។

ពិធីធ្វើឡើងក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Éléonore រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ជាមួយច្បាប់វិនិយោគថ្មី និងគោលនយោបាយបើកចំហរ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ការវិនិយោគពីបារាំង ក្នុងវិស័យអាទិភាពដូចជា កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេដ្ឋកិច្ចឌីជីថល។ រាជរដ្ឋាភិបាលប្តេជ្ញាបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព និងអាចព្យាករណ៍បាន ដើម្បីជំរុញភាពជោគជ័យរួមគ្នា។

ជាមួយគ្នានេះ លោកស្រី Éléonore បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងត្រូវបានចាត់ទុកថាមានលក្ខណៈរឹងមាំ និងសំខាន់ ដោយប្រទេសបារាំងបានដើរតួនាទីជាដៃគូដ៏ល្អក្នុងការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា។លោកស្រីបន្តថា សហគ្រាសបារាំងជាច្រើនបានបោះទុនវិនិយោគនៅកម្ពុជា និងបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចគោលដៅទាំងនេះ។ វត្តមានរបស់ជនជាតិបារាំងដែលបានមកតាំងទីលំនៅ និងបង្កើតក្រុមហ៊ុនវិនិយោគនៅកម្ពុជា ក៏បានរួមចំណែកពង្រីកចំណងសេដ្ឋកិច្ចនេះផងដែរ។

សូមជម្រាប់ដែរថា កម្មវិធីរយៈពេល២ថ្ងៃនេះ កម្ពុជា-បារាំង ក៏បានរួមបញ្ចូលនូវ ការចុះអនុស្សរណៈយោគយល់គ្នា (MOU) និងកិច្ចពិភាក្សាជាច្រើនស្តីពីការផ្លាស់ប្តូរឧស្សាហកម្ម វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពល។ ថ្ងៃទី២ នឹងបន្តដោយកិច្ចពិភាក្សាស៊ីជម្រៅអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ច ច្បាប់ ពន្ធដារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងគម្រោងធំៗ។ ក្នុងព្រឹត្តិនេះដែរ ក៏មានការតាំងបង្ហាញនូវផលិតផលខ្មែរ ទៅកាន់អ្នកចូលផងដែរ។
វេទិកានេះក៏នឹងមានវគ្គជួបជុំធុរកិច្ច (B2B Sessions) ដើម្បីបើកឱកាសឲ្យក្រុមហ៊ុននានាអាចភ្ជាប់ទំនាក់ទំនងគ្នាដោយផ្ទាល់។ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ នេះរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន


