ធនាគារ កាណាឌីយ៉ា និងផ្សារមូលបត្រកម្ពុជា ចាប់ដៃគូសហការដើម្បីសម្រួលដល់ការចូលរួមក្នុងទីផ្សារមូលធន

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ – ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា និងជាធនាគារក្នុងស្រុកធំជាងគេបង្អស់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយផ្សារមូលបត្រកម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារវាងស្ថាប័នទាំងពីរតាមរយៈប្រព័ន្ធ API (Application Programming Interface) ក្នុងគោលបំណងជួយសម្រួលដល់វិនិយោគិនឱ្យកាន់តែមានភាពងាយស្រួលក្នុងការចូលរួមក្នុងទីផ្សារមូលធនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
(ពីឆ្វេងទៅស្តាំ) ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា និងលោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ជាសាក្សីរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (កណ្តាល)។

តាមរយៈការតភ្ជាប់ប្រព័ន្ធនេះ អតិថិជនរបស់ធនាគារ កាណាឌីយ៉ា អាចបើកគណនីជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) ដោយប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលបានផ្ទៀងផ្ទាត់រួចរាល់ជាមួយធនាគារ ដែលធ្វើឱ្យដំណើរការនៃការបើកគណនីកាន់តែមានភាពរហ័ស និងងាយស្រួលជាងមុន។ បន្ថែមពីនេះ អតិថិជនក៏អាចភ្ជាប់គណនីជួញដូរ CSX របស់ខ្លួនដោយផ្ទាល់ទៅនឹងគណនីធនាគារ កាណាឌីយ៉ា តាមរយៈកម្មវិធីទូរស័ព្ទដៃ Canadia Bank App ដែលធ្វើឱ្យការដាក់ប្រាក់ និងដកប្រាក់រវាងប្រព័ន្ធទាំងពីរបានកាន់តែងាយស្រួល មានសុវត្ថិភាពខ្ពស់ និងប្រកបដោយតម្លាភាព។

ធនាគារ កាណាឌីយ៉ា បានចូលរួមគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា ចាប់តាំងពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា (Canadia Securities) ក្នុងឆ្នាំ ២០១០ មកម្ល៉េះ។ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា ផ្តល់ជូននូវសេវាកម្មទីផ្សារមូលធនយ៉ាងសម្បូរបែប រួមមាន សេវាធានាទិញមូលបត្រ ទីប្រឹក្សាហិរញ្ញវត្ថុ ឈ្មួញជើងសាមូលបត្រ តំណាងម្ចាស់សញ្ញាបណ្ណ និងភ្នាក់ងារអន្តរការីសញ្ញាបណ្ណរដ្ឋាភិបាល។ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា បានរួមគ្នាបន្តចូលរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាសន្សំ សេវាធនាគារ និងឱកាសវិនិយោគកាន់តែទូលំទូលាយជូនដល់ប្រជាជនកម្ពុជា។

ការធ្វើសមាហរណកម្មប្រព័ន្ធនេះ ក៏បានចូលរួមគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្តោតសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុ។

លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា បានមានប្រសាសន៍ថា៖ «នៅធនាគារ កាណាឌីយ៉ា យើងខ្ញុំតែងតែស្វែងរកមធ្យោបាយថ្មីៗជានិច្ច ដើម្បីលើកកម្ពស់បទពិសោធន៍របស់អតិថិជន និងធ្វើឱ្យការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល។ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់យើងខ្ញុំជាមួយផ្សារមូលបត្រកម្ពុជា អតិថិជនអាចបើកគណនីជួញដូរបានកាន់តែឆាប់រហ័ស និងងាយស្រួល ខណៈដែលអតិថិជនអាចគ្រប់គ្រងសកម្មភាពធនាគារ និងការវិនិយោគរបស់ខ្លួនបានដោយរលូននៅកន្លែងតែមួយ។

ការតភ្ជាប់ប្រព័ន្ធនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា និងការអភិវឌ្ឍទីផ្សារមូលធនរយៈពេលវែង។ នៅពេលដែលប្រជាពលរដ្ឋអាចផ្ទេរ និងប្រើប្រាស់សេវាសន្សំ សេវាធនាគារ និងផលិតផលវិនិយោគបានយ៉ាងងាយស្រួល នោះយើងនឹងបង្កើតបាននូវប្រព័ន្ធអេកូស៊ីស្ទឹមហិរញ្ញវត្ថុមួយដែលកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន»។