ឈានដល់វ័យ ១៨ឆ្នាំ! កូនប្រុសអ្នកឧកញ៉ា ហុង ពីវ បញ្ចេញសារពោរពេញទៅដោយអត្ថន័យ

ជុំវិញ​ឧកញ៉ា

កូនប្រុសអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ឈ្មោះ ហុង ធានឡុង បានឈានចូលដល់វ័យ ១៨ឆ្នាំ កាលពីចុង​សប្តាហ៍កន្លងទៅ។ បន្ទាប់ពីឈានដល់បរិបទថ្មីចូលពេញវ័យ លោក ហុង ធានឡុង បានបញ្ចេញសារ​ពោរពេញទៅ​ដោយអត្ថន័យ ដែលជាការគោរពអរគុណដល់អ្នកមានគុណទាំងទ្វេរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបានបង្ហោះសារបែបនេះថា៖ “ជាទូទៅ នៅថ្ងៃកំណើតរបស់មនុស្សម្នាក់ៗ យើងតែងតែផ្តល់កាដូ និងពាក្យជូនពរទៅកាន់ម្ចាស់ខួបកំណើត។ ប៉ុន្តែយើង​កម្រនឹងនឹកដល់មនុស្សម្នាក់ ដែលស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ និងការដឹងគុណមិនចាញ់គ្នានោះទេ គឺ អ្នកម្តាយដែលបានផ្តល់កំណើត ចិញ្ចឹមបីបាច់ និងលះបង់គ្រប់បែបយ៉ាងដើម្បីកូន។

នៅពីក្រោយជីវិតរបស់កូនម្នាក់ គឺមានការលះបង់ ការអត់ធ្មត់ និងក្តីស្រឡាញ់ដ៏ធំធេងរបស់អ្នកម្តាយ ដែលមិនអាចកាត់ថ្លៃបាន។ ថ្ងៃនេះ ខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះអ្នកម្តាយជាទីស្រឡាញ់ ដែលបានផ្តល់អំណោយដ៏មានតម្លៃបំផុតមកឱ្យខ្ញុំ នោះគឺ ជីវិត។ អរគុណអ្នកម៉ាក់ សម្រាប់គ្រប់ការលះបង់ គ្រប់ការប្រៀនប្រដៅ គ្រប់ការព្រួយបារម្ភ និងក្តីស្រឡាញ់​ដែលអ្នកម៉ាក់បានផ្តល់ឱ្យកូន​ដោយគ្មានលក្ខខណ្ឌ។

អ្វីដែលកូនមាននៅថ្ងៃនេះ និងអ្វីដែលកូនប្រាថ្នាចង់សម្រេចនៅថ្ងៃអនាគត សុទ្ធតែមានចំណែកនៃការលះបង់ និងការគាំទ្ររបស់ម៉ាក់។ គ្មានកាដូណាមួយអាចតបស្នងគុណអ្នកម៉ាក់បានគ្រប់គ្រាន់ឡើយ ប៉ុន្តែកូនសង្ឃឹមថា តាមរយៈទង្វើ ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់កូន កូននឹងអាចធ្វើឱ្យម៉ាក់មានមោទនភាពជានិច្ច។ ព្រោះថ្ងៃនេះ មិនមែនគ្រាន់តែជាថ្ងៃអបអរសាទរជីវិតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃដែលកូនចង់លើកតម្កើង និងដឹងគុណចំពោះស្ត្រីដ៏អស្ចារ្យម្នាក់ ដែលបានផ្តល់ជីវិតដល់កូន។ ដោយក្តីស្រឡាញ់ និងការដឹងគុណដ៏​ជ្រាល​ជ្រៅបំផុតចំពោះអ្នកម៉ាក់”។

លោក ហុង ធានឡុង ក៏បានបង្ហោះសារបន្ថែម នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ១៨ឆ្នាំនៃជីវិត ពោរពេញទៅដោយ​បទពិសោធន៍ មេរៀនជីវិត និងឧបសគ្គជាច្រើន ដែលបានបង្រៀនឱ្យលោកចេះរីកចម្រើន និងមានភាពចាស់​ទុំជាងមុន។ រាល់សមិទ្ធផលដែលលោកទទួលបាន មិនមែនកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួន​តែម្នាក់​ឯងនោះទេ ប៉ុន្តែក៏កើតចេញពីការអប់រំ ការណែនាំ ការគាំទ្រ និងការជឿជាក់ពីលោកឪពុក អ្នកម្តាយ ក្រុមគ្រួសារ និងមនុស្សល្អៗដែលនៅជុំវិញខ្លួនផងដែរ។

លោកបន្ថែមដូច្នេះថា៖ “ខ្ញុំសូមចងចាំអតីតកាលដោយក្តីដឹងគុណ រស់នៅក្នុងបច្ចុប្បន្នដោយការទទួលខុសត្រូវ និងបន្តដំណើរទៅអនាគតដោយការប្តេជ្ញាចិត្ត។ ១៨ឆ្នាំ គ្រាន់តែជាចំណុចចាប់ផ្តើមនៃដំណើរជីវិតមួយ ដែលខ្ញុំ​នៅត្រូវរៀនសូត្រ ខិតខំ និងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត”៕