កូនប្រុសអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរី ពិភពថ្មី ឈ្មោះ ហុង ធានឡុង បានឈានចូលដល់វ័យ ១៨ឆ្នាំ កាលពីចុងសប្តាហ៍កន្លងទៅ។ បន្ទាប់ពីឈានដល់បរិបទថ្មីចូលពេញវ័យ លោក ហុង ធានឡុង បានបញ្ចេញសារពោរពេញទៅដោយអត្ថន័យ ដែលជាការគោរពអរគុណដល់អ្នកមានគុណទាំងទ្វេរ។

នៅលើបណ្តាញសង្គម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបានបង្ហោះសារបែបនេះថា៖ “ជាទូទៅ នៅថ្ងៃកំណើតរបស់មនុស្សម្នាក់ៗ យើងតែងតែផ្តល់កាដូ និងពាក្យជូនពរទៅកាន់ម្ចាស់ខួបកំណើត។ ប៉ុន្តែយើងកម្រនឹងនឹកដល់មនុស្សម្នាក់ ដែលស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ និងការដឹងគុណមិនចាញ់គ្នានោះទេ គឺ អ្នកម្តាយដែលបានផ្តល់កំណើត ចិញ្ចឹមបីបាច់ និងលះបង់គ្រប់បែបយ៉ាងដើម្បីកូន។
នៅពីក្រោយជីវិតរបស់កូនម្នាក់ គឺមានការលះបង់ ការអត់ធ្មត់ និងក្តីស្រឡាញ់ដ៏ធំធេងរបស់អ្នកម្តាយ ដែលមិនអាចកាត់ថ្លៃបាន។ ថ្ងៃនេះ ខ្ញុំចង់ឆ្លៀតឱកាសនេះ ដើម្បីបង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះអ្នកម្តាយជាទីស្រឡាញ់ ដែលបានផ្តល់អំណោយដ៏មានតម្លៃបំផុតមកឱ្យខ្ញុំ នោះគឺ ជីវិត។ អរគុណអ្នកម៉ាក់ សម្រាប់គ្រប់ការលះបង់ គ្រប់ការប្រៀនប្រដៅ គ្រប់ការព្រួយបារម្ភ និងក្តីស្រឡាញ់ដែលអ្នកម៉ាក់បានផ្តល់ឱ្យកូនដោយគ្មានលក្ខខណ្ឌ។
អ្វីដែលកូនមាននៅថ្ងៃនេះ និងអ្វីដែលកូនប្រាថ្នាចង់សម្រេចនៅថ្ងៃអនាគត សុទ្ធតែមានចំណែកនៃការលះបង់ និងការគាំទ្ររបស់ម៉ាក់។ គ្មានកាដូណាមួយអាចតបស្នងគុណអ្នកម៉ាក់បានគ្រប់គ្រាន់ឡើយ ប៉ុន្តែកូនសង្ឃឹមថា តាមរយៈទង្វើ ការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់កូន កូននឹងអាចធ្វើឱ្យម៉ាក់មានមោទនភាពជានិច្ច។ ព្រោះថ្ងៃនេះ មិនមែនគ្រាន់តែជាថ្ងៃអបអរសាទរជីវិតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃដែលកូនចង់លើកតម្កើង និងដឹងគុណចំពោះស្ត្រីដ៏អស្ចារ្យម្នាក់ ដែលបានផ្តល់ជីវិតដល់កូន។ ដោយក្តីស្រឡាញ់ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកម៉ាក់”។
លោក ហុង ធានឡុង ក៏បានបង្ហោះសារបន្ថែម នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ១៨ឆ្នាំនៃជីវិត ពោរពេញទៅដោយបទពិសោធន៍ មេរៀនជីវិត និងឧបសគ្គជាច្រើន ដែលបានបង្រៀនឱ្យលោកចេះរីកចម្រើន និងមានភាពចាស់ទុំជាងមុន។ រាល់សមិទ្ធផលដែលលោកទទួលបាន មិនមែនកើតចេញពីការខិតខំប្រឹងប្រែងរបស់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែក៏កើតចេញពីការអប់រំ ការណែនាំ ការគាំទ្រ និងការជឿជាក់ពីលោកឪពុក អ្នកម្តាយ ក្រុមគ្រួសារ និងមនុស្សល្អៗដែលនៅជុំវិញខ្លួនផងដែរ។
លោកបន្ថែមដូច្នេះថា៖ “ខ្ញុំសូមចងចាំអតីតកាលដោយក្តីដឹងគុណ រស់នៅក្នុងបច្ចុប្បន្នដោយការទទួលខុសត្រូវ និងបន្តដំណើរទៅអនាគតដោយការប្តេជ្ញាចិត្ត។ ១៨ឆ្នាំ គ្រាន់តែជាចំណុចចាប់ផ្តើមនៃដំណើរជីវិតមួយ ដែលខ្ញុំនៅត្រូវរៀនសូត្រ ខិតខំ និងអភិវឌ្ឍខ្លួនឯងបន្ថែមទៀត”៕





