កម្ពុជានឹងបង្កើតសួនឌីជីថល (Digital Park) ទំហំប្រមាណ ១០០ហិកតា នៅលើទឹកដីជ្រោយចង្វារ ដើម្បីជំរុញការធ្វើបរិវត្តកម្ម និងបណ្ដុះបណ្ដាលជំនាញក្នុងវិស័យឌីជីថល។

គម្រោង ដែលត្រូវបានផ្តួចផ្តើម វិនិយោគ និងអភិវឌ្ឍ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលចុងឆ្នាំ២០២៥ និងត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើតតំបន់សេដ្ឋកិច្ចពិសេស «សួនឌីជីថលកម្ពុជា» មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាផ្លូវការ កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ សួនឌីជីថល នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឌីជីថល (Digital Hub) កម្រិតខ្ពស់ប្រកបដោយនវានុត្តន៍ សហគ្រិនភាព និងជំនាញ សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងផ្សារភ្ជាប់ទៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសកល។
សូមជម្រាបថា សួនឌីជីថលគឺជាគម្រោង ដែលទាក់ទាញការវិនិយោគបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចបច្ចេកវិទ្យាពីបរទេស តាមរយៈការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល ការធ្វើទំនើបកម្មការអប់រំឌីជីថល ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេស ការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្សារភ្ជាប់ការអប់រំបណ្តុះបណ្តាលជំនាញទៅឧស្សាហកម្មក្នុងវិស័យឌីជីថល ដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចផ្នែកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា៕





