ស្ថាប័នពាក់ព័ន្ធ ជំរុញការអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និង ជំរុញការអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះនៅក្នុងខេត្តព្រះសីហនុ សំដៅដើម្បីទាក់ទាញទេសចរណ៍ឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមកិច្ចប្រជុំ កាលថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ក្រោមវត្តមាន លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំតំណាងនៃ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និង មន្ត្រីជំនាញពាក់ព័ន្ធ ។

ការអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះនៅខេត្តព្រះសីហនុនេះ គឺសំដៅលើការអភិវឌ្ឍសណ្ឋាគារប៊ូទិក សណ្ឋាគារប្រណីត ផ្ទះលំហែ ខុនដូ និង សណ្ឋាគារអេកូទេសចរណ៍នៅតាមតំបន់ឆ្នេរ និងកោះ ។

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប បានបញ្ជាក់អំពីសារៈសំខាន់នៃការគាំទ្រដល់ការអភិវឌ្ឍតំបន់កោះ ដើម្បីប្រែក្លាយបណ្តុំកោះរបស់កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និង មានសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និង បង្កើតសកម្មភាពសេដ្ឋកិច្ចថ្មីៗ នៅតាមបណ្តាកោះ។

សូមជម្រាបថា អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងបានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រ និង សម្រួលដល់ការវិនិយោគក្នុងវិស័យឯកជន សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍, ការបង្កើតសកម្មភាពសេដ្ឋកិច្ច និង ការងារថ្មីៗ ព្រមទាំងលើកកម្ពស់សក្តានុពលវិនិយោគរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានភាពរស់រវើក និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់៕អត្ថបទ៖ហ្សាលីន