សម្តេចធិបតី ហ៊ុន ម៉ាណែត បើកកិច្ចពិភាក្សាពេញអង្គគណៈរដ្ឋមន្ត្រី ផ្តោតលើរបៀបវារៈធំៗ ចំនួន៣

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយ ពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៣ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំដែលបានប្រព្រឹត្តិទៅ កាលនាព្រឹកថ្ងៃទី២០ វិច្ឆិកា ២០២៦នេះ រួមមាន៖

១- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបាន ដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។

២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

និង ៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។

សូមរម្លឹកដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ តែងតែធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើសំណើតាក់តែងច្បាប់ និងកិច្ចការទាំងឡាយរបស់រាជរដ្ឋាភិបាល។ តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ សម្តេចនាយករដ្ឋមន្ត្រីនឹងដាក់ការណែនាំនានា ពាក់ព័ន្ធកិច្ចការដឹកនាំរដ្ឋ និងបញ្ហានានាក្នុងសង្គមផងដែរ៕
អត្ថបទ៖ហ្សាលីន