លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងសុន្ទរកថាបើកក្នុងវេទិកាសន្ទនាស្តីពី «ឆ្ពោះទៅការងារសមរម្យ និងគាំពារសង្គមសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម» កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជិត ៥០០នាក់។

នាឱកាសនោះ លោក គួច សុមាន បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញបរិវត្តកម្មឌីជីថល តាមរយៈការចុះបញ្ជីកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គម តាមថ្នាលឌីជីថល ដើម្បីធានាឱ្យកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រព័ន្ធ ទទួលបានការគាំពារប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។

លោកបន្តថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃក្របខ័ណ្ឌច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល ដើម្បីលើកកម្ពស់សិទ្ធិការងារ ការងារសមរម្យ និងការទទួលស្គាល់ស្របច្បាប់ដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីជនបទ យុវកសិករ កម្មករក្នុងវិស័យកសិ-ស្បៀងអាហារ បុគ្គលស្វ័យនិយោជន៍ និងសហគ្រាសធុនតូច និងមធ្យម ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។

គួរឱ្យដឹងដែរថា វេទិកានេះក៏មានគោលដៅពង្រឹង និងពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ប្រកបដោយសមធម៌ បរិយាបន្ន តម្លាភាព និងគណនេយ្យភាព ព្រមទាំងពង្រឹងកិច្ចសន្ទនាសង្គម និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធផងដែរ។ តាមវេទិកាសន្ទនានេះ តំណាងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម មានឱកាសចូលរួមពិភាក្សា ផ្លាស់ប្តូរបទពិសោធ ព្រមទាំងលើកឡើងពីស្ថានភាពការងារ បញ្ហាប្រឈម តម្រូវការ និងសំណូមពរ ជូនតំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហជីព ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព៕


