ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិទី៧ ទៅកាន់ ឧកញ៉ា ស គីណាល់ ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុង​ពិធីផ្ទេរ​តំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) អាណត្តិទី៧ ទៅកាន់ ឧកញ៉ា ស គីណាល់ ជាផ្លូវការ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយអត្ថន័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏បានបិទបញ្ចប់ដំណើរ ១៧ឆ្នាំ ប្រកបដោយ​មោទនភាពរបស់ ឧកញ៉ា ប៉ិច បូឡែន ជាមួយ YEAC ចាប់ពីសមាជិកស្ថាបនិក រហូតដល់ប្រធានសមាគម ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន រួមមាន ម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (២០២២) ខួបលើកទី១៥ (២០២៤) ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ (២០២៥) និងការពង្រីកសាខាបាន ៨ គ្របដណ្តប់ ១០ ខេត្ត ដោយមានសមាជិកជាង ៦០០រូប។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ា ប៉ិច បូឡែន អតីតប្រធាន YEAC, ថ្នាក់ដឹកនាំគ្រប់អាណត្តិ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានរួមគ្នាខិតខំ​បំពេញបេសកកម្មគាំទ្រ និងលើកកម្ពស់សហគ្រិនវ័យក្មេងកម្ពុជា តាំងពីឆ្នាំ២០០៩មក ព្រមទាំងការរួមចំណែក​ក្នុងកិច្ចការសង្គម និងការអភិវឌ្ឍជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមជូនពរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងបន្តចូលរួមចំណែកក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល តាមរយៈការលើកស្ទួយធុរកិច្ច ឱកាសវិនិយោគ បំផុសចលនាកិច្ចការសង្គម ព្រមទាំងបន្តជ្រោមជ្រែងសហគ្រិនវ័យក្មេង និងយុវជនវ័យក្មេង សំដៅជំរុញការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕