លោក ត្រាំ គំរាមដំឡើងពន្ធខ្ពស់លើក្រុមហ៊ុនអាមេរិក ដែលសង់មជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេស

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធក្នុងកម្រិតខ្ពស់លើក្រុមហ៊ុនអាមេរិកណាដែលសាងសង់មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅខាងក្រៅប្រទេស ដោយមានគោលបំណងជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះបោះវិនិយោគ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅក្នុងសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅតំបន់អាស៊ីវិញ។ លោកបានអះអាងថា សហរដ្ឋអាមេរិកកំពុងនាំមុខប្រទេសចិនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ដែលលោកហៅថា «បញ្ញាសិប្បនិម្មិតដ៏អស្ចារ្យ» ឬ​ (Super Intelligence)។

លោក ត្រាំ បានថ្លែងថា៖ “យើងនឹងមិនអនុញ្ញាតឱ្យក្រុមហ៊ុនរបស់យើងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសផ្សេងទៀតនោះទេ។ ប្រសិនបើពួកគេចង់ធ្វើដូច្នេះ ពួកគេអាចធ្វើបាន ប៉ុន្តែយើងនឹងដាក់ពន្ធក្នុងកម្រិតខ្ពស់បំផុតលើពួកគេ”។

មិនតែប៉ុណ្ណោះ មេដឹកនាំសេតវិមានរូបនេះ ក៏បានបញ្ជាក់ថា លោកមិនទាន់បានជូនដំណឹងដល់ក្រុមការងាររដ្ឋបាលរបស់លោកអំពីគម្រោងដាក់ពន្ធលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI នៅក្រៅប្រទេសនៅឡើយទេ។ ខណៈនេះ ក៏មិនទាន់មានភាពច្បាស់លាស់ថា វិធានការដំឡើងពន្ធនេះនឹងត្រូវអនុវត្តតាមរបៀបណានោះដែរ៕​