លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងបំណិនសតវត្សទី២១

សង្គម​ និង​សេដ្ឋកិច្ច

កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមមូលបទ «យុវជនស្រឡាញ់សន្តិភាព និងកសាងសមត្ថភាពបំណិនសតវត្សទី២១»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបោះជំរំនេះ ត្រូវបានរៀបចំឡើងនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការប្រមូលផ្តុំយុវជននាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗជាច្រើន ដើម្បីអភិវឌ្ឍសមត្ថភាព ផ្តល់ឱកាសឱ្យយុវជនបានចែករំលែកចំណេះដឹង ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក និងពង្រឹងបណ្តាញទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ។ ទន្ទឹមនឹងនេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់សេវាកម្មស្ម័គ្រចិត្ត ការកសាង និងរក្សាសន្តិភាព ព្រមទាំងបណ្តុះភាពជាអ្នកដឹកនាំដល់យុវជនជំនាន់ក្រោយផងដែរ។

លើសពីនេះ ជំរំយុវជនថ្នាក់ជាតិនេះ ក៏ជំរុញឱ្យយុវជនចេះបង្កើតគំនិតថ្មីៗប្រកបដោយនវានុវត្តន៍ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកលថ្មីៗ មានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ ការបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង ព្រមទាំងការកសាងភាពធន់របស់សហគមន៍។