កម្ពុជា-អាល្លឺម៉ង់ ថានឹងរួមគ្នាបន្តជម្រុញការវិនិយោគពីអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (German Bundestag) ដឹកនាំដោយ លោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នៃសភាសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
នាឱកាសនោះ គណៈប្រតិភូសភាអាល្លឺម៉ង់ កត់សម្គាល់ខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ ភាគីអាល្លឺម៉ង់ ក៏បានវាយតម្លៃខ្ពស់ចំពោះការពិភាក្សាផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មកក្នុងស្មារតីភាតរភាពជុំវិញប្រធានបទយុទ្ធសាស្ត្រមួយចំនួន រួមមាន៖ ទិសដៅនៃការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិនាពេលខាងមុខ, ការបន្សាំខ្លួនរបស់កម្ពុជានៅក្នុងបរិបទនៃការប្រែប្រួលសកល, ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យរដ្ឋ, និងយុទ្ធសាស្ត្រជំរុញការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក រួមមានជាអាទិ៍៖ វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
បន្ថែមពីនេះ លោកក៏បានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់កម្ពុជា ជាពិសេសផែនការការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងសំខាន់ និងពង្រឹងភាពប្រកួតប្រជែងលើវិស័យភស្តុភារកម្មរបស់កម្ពុជានៅក្នុងតំបន់។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បង្ហាញសុឆន្ទៈរួមក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អនេះ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជម្រុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជាកាន់តែច្រើនឡើងនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន

