គយ ប្រកាសកែសម្រួលមុខទំនិញត្រូវបិទត្រាពន្ធគយ និងដាក់ឱ្យប្រើប្រាស់ «គំរូត្រាពន្ធគយថ្មី» ទំនើបមាន QR Code ចាប់ពីដើមឆ្នាំ២០២៧ តទៅ!

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល និងទប់ស្កាត់អំពើរត់ពន្ធ អគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា (អគរ) បានចេញសេចក្តីជូនដំណឹងលេខ ៦៥៣២/២៦ អគរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលមុខទំនិញកំណត់ពិសេសដែលត្រូវបិទត្រាពន្ធគយ គំរូត្រាពន្ធគយថ្មី និងនីតិវិធីនៃការប្រើប្រាស់ត្រាពន្ធគយ ដែលនឹងត្រូវចូលជាធរមានចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា បានបន្ថែមមុខទំនិញថ្មីមួយចំនួនដូចជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជាតម្រូវការមូលដ្ឋានប្រចាំថ្ងៃ និងដកចេញមុខទំនិញមួយចំនួនដែលត្រូវបានប្តូរទៅប្រើប្រាស់លេខសម្គាល់លំដាប់ (Serial Number ឬ IMEI) វិញ។ មុខទំនិញទាំង ១៦ មុខ ដែលត្រូវបិទត្រាពន្ធគយជាដាច់ខាត រួមមាន គ្រឿងស្រវឹង និងភេសជ្ជៈគ្រប់ប្រភេទ (ស្រាដែលមានជាតិអាល់កុលលើសពី ១០% ស្រាបៀរ ភេសជ្ជៈមានជាតិអាល់កុលមិនលើសពី ១០% ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូចមានហ្គាស ទឹកសំបុកត្រចៀកកាំ ទឹកត្រឡាច ទឹកផ្លែឈើកំប៉ុង ទឹកដមផ្លែឈើនិងបន្លែ ទឹកដោះគោខាប់និងទឹកដោះគោផ្សេងៗលើកលែងទឹកដោះគោផុតកំណត់មិនលើសពី ២សប្តាហ៍ និងភេសជ្ជៈផ្សេងៗទៀត) ផលិតផលថ្នាំជក់ (បារីគ្រប់ប្រភេទ និងស៊ីហ្គា) ប្រេងរំអិលគ្រប់ប្រភេទ (លើកលែងប្រេងសម្រាប់ការកែច្នៃយានយន្ត) ព្រមទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងបន្លាស់មួយចំនួនទៀត ដូចជា នាឡិកាដៃ និងនាឡិកាឆ្លាតវៃតម្លៃគិតពន្ធចាប់ពី ៥០ដុល្លារឡើង ទឹកអប់ចំណុះចាប់ពី ៥០ម.ល. ឡើង អាគុយចាប់ពី ៤០អំពែរឡើង និងសំបកកង់ថ្មីសម្រាប់រថយន្ត និងគ្រឿងចក្រឬគ្រឿងយន្តគ្រប់ប្រភេទ។

ត្រាពន្ធគយថ្មីមានទំហំ ៤៥ម.ម. គុណ ២០ម.ម. ត្រូវបានរចនាឡើងដោយមានពណ៌ស្រស់ស្អាត បង្កប់អត្តសញ្ញាណជាតិ មានរូបប្រាសាទអង្គរ និងមាន QR Code ដែលអនុញ្ញាតឱ្យសាធារណជនអាចស្កេនមើលព័ត៌មានបានយ៉ាងងាយស្រួល។ លើសពីនេះ ត្រាថ្មីនេះប្រើប្រាស់ក្រដាសបោះពុម្ពប្រភេទ Security Tamper ដែលពេលបកចេញ ផ្នែកកាវស្អិតនឹងដាច់នៅជាប់ផ្ទៃដែលបិទ ដោយបង្ហាញអក្សរ និង Logo គយ ដើម្បីការពារការក្លែងបន្លំ ឬការយកទៅប្រើប្រាស់ឡើងវិញ។

ត្រាពន្ធគយថ្មីនេះ នឹងត្រូវប្រើប្រាស់លើមុខទំនិញនាំចូលដែលបានចុះបញ្ជីប្រតិវេទន៍គយចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ តទៅ។ សម្រាប់ទំនិញនាំចូលដែលបានចុះបញ្ជីមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ប៉ុន្តែទើបបញ្ចប់បែបបទគយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៧ ឬក្រោយកាលបរិច្ឆេទនេះ អាចប្រើប្រាស់ត្រាពន្ធគយគំរូចាស់រហូតដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧។ ការខកខានពុំបានបិទត្រាពន្ធគយតាមនីតិវិធីជាធរមាន នឹងត្រូវចាត់ទុកជាទំនិញល្មើសច្បាប់ស្តីពីគយ ដែលជាកម្មវត្ថុនៃការចាប់ឃាត់ជាបណ្តោះអាសន្ន ឬរឹបអូស និងអាចឈានដល់ការផាកពិន័យ និងការដោះស្រាយបណ្តឹងតីតិវិធីជម្រះឯកសារតាមច្បាប់កំណត់។