អូស្ត្រាលី នឹងផ្តល់ជំនួយ ៥លានដុល្លារអូស្រ្តាលី លើគម្រោងបច្ចេកវិទ្យាការពារត្រីនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយរដ្ឋាភិបាលកម្ពុជា កំពុងផ្តល់ជំនួយលើបច្ចេកវិទ្យាការពារត្រី ធ្វើអោយប្រសើរឡើងនូវគុណភាពទឹកទន្លេ និងបង្កើនភាពធន់នឹងអាកាសធាតុនៅកម្ពុជា។ ទន្ទឹមគ្នានេះ អូស្រ្តាលី ក៏គ្រោងនឹងផ្តល់ជំនួយ៥លានដុល្លារអូស្រ្តាលី លើគម្រោងបច្ចេកវិទ្យាការពារត្រីនៅកម្ពុជាសម្រាប់រយៈពេល ៣ឆ្នាំនាពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងពីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ការគ្រប់គ្រង និងការការពារ ទឹកនិងធនធានដែលពាក់ព័ន្ធ កាន់តែមានសារសំខាន់ខ្លាំងឡើងនៅក្នុងតំបន់នេះ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានល្បឿនលឿន កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ។ ជលផលគឺជាគន្លឹះនៃសន្តិសុខស្បៀងរបស់កម្ពុជា ព្រមទាំងផ្តល់អត្ថប្រយោជន៍ការងារ និងការចិញ្ចឹមជីវិតដល់ប្រជាជនកម្ពុជា ប្រមាណពីរលាននាក់ផងដែរ។

ជាមួយគ្នានេះ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានបញ្ជាក់ដែរថា «ថ្ងៃនេះ ឯកអគ្គរាជទូត Kang រួមជាមួយនាយកប្រតិបត្តិ Australian Centre for International Agricultural Research លោកសាស្រ្តាចារ្យ Andrew Campbell ព្រមទាំងភាគីខាងរដ្ឋាភិបាលកម្ពុជា បានអញ្ជើញសម្ពោធគម្រោង FishTech នៅក្នុងខេត្តកំពង់ធំ ដែលគម្រោងនេះនឹងជួយបង្កើតផ្លូវត្រី ឬ “ជណ្ដើរត្រី” ដើម្បីទ្រទ្រង់ការផ្លាស់ទីរបស់ត្រីនៅតាមប្រព័ន្ធធារាសាស្រ្ត និងទំនប់ទឹក ដែលនាំឱ្យផលិតកម្មជលផល ជីវចម្រុះ និងការបង្កើតប្រាក់ចំណូលក្នុងស្រុក កាន់តែរឹងមាំថែមទៀត»។

គួរបញ្ជាក់ដែរថា តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី អូស្ត្រាលីនឹងផ្តល់ជំនួយសរុបជាថវិកា ចំនួន ៥ លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល ៣ឆ្នាំ (២០២២-២០២៥) ដល់គម្រោងបច្ចេកវិទ្យាការពារត្រី (FishTech )នេះ។ សកម្មភាពភាគច្រើននឹងត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ព្រមទាំងនឹងមានការចូលរួមពីប្រទេសវៀតណាម និងថៃ ក្នុងវគ្គបណ្តុះបណ្តាលនានា ផងដែរ៕ អត្ថបទ៖ រង្សី