អ្នកដំណើរពីបរទេសមកកម្ពុជាមានការកើនឡើង ក្រោយ​លុបចោលលក្ខខណ្ឌរឹតបន្តឹងផ្នែក​សុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពេលរាជរដ្ឋាភិបាលសម្រេចលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គេសង្កេតឃើញថាទាំងអ្នកទេសចរណ៍បរទេស និងអ្នកវិនិយោគិន​បរទេស​ជា​ច្រើន បានចាប់ផ្តើមធ្វើដំណើរមកកាន់កម្ពុជាដើម្បីមកទេសចរណ៍ និងស្វែងរក​ឳកាសវិនិយោ បន្ទាប់ពីខកខានមួយរយៈពេលមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ បានបញ្ជាក់ថា តាំងពីលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលមក ជាការ​កត់សម្គាល់ឃើញមានអ្នកភ្លៀវបរទេស និងអ្នកវិនិយោគិនបរទេស បានចូលមកកម្ពុជា​ច្រើនជា​ង​មុន ពោលគឺមុនពេលចេញសេចក្តីសម្រេច​លុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាល នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២ មានអ្នកដំណើរពី​បរទេស​មកកម្ពុជាតាមច្រកទ្វារអាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ មានចន្លោះពី៦០០នាក់​ទៅ​៧០០​នាក់ ប៉ុន្តែឥឡូវជាមធ្យម​គឺឈានដល់ពី១២០០​នាក់ទៅ១៣០០នាក់។

លោកឧត្តមសេនីយ៍ត្រី ថោង សុផាត បានបន្តថា កម្ពុជាជាប្រទេសដំបូងគេ​នៅក្នុងតំបន់​អា ស៊ា ន ដែលបានបើកប្រទេសទាំងស្រុង​ដោយ​លុប​ចេញលក្ខខណ្ឌ​រឹតបន្តឹង​លើផ្នែក​សុខា​ភិបាល ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ ប្រទេសមួយចំនួននៅលើពិភពលោក​បាន ចាក់វ៉ាក់សាំងកូវីដ១៩អស់ហើយ ខណៈដែលផ្ទៃក្នុងកម្ពុជា​ក៏មានពលរដ្ឋជាង៩០ភាគរយ បានចាក់វ៉ាក់​សាំងរួចហើយដែរ ដែលបង្កើតអោយមានភាពស៊ាំ​សហគមន៍ ដើម្បីឆ្លើយ​តបនឹងកូវីដ-១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានសម្រេច លុបចោលលក្ខខណ្ឌ​តម្រូវឱ្យអ្នក​ដំណើរ​មកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២​ម៉ោង មុនពេលមកដល់កម្ពុជា និងលុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា និងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទោះបីមានការលុបចោលលក្ខខណ្ឌរឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នេះ ក៏ដោយ ក្រសួងសុខាភិបាល ក៏អំនាវបាវលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើ​តេស្តរហ័ស​ដោយខ្លួនឯង។ ជាមួយគ្នា នេះអ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្រ​បញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។ដោយឡែកចំពោះ​អ្នកដំណើរ​ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។

កម្ពុជាជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបើកប្រទេសទាំងស្រុង​ដោយ​លុប​ចេញលក្ខខណ្ឌ​រឹតបន្តឹងលើផ្នែកសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឃើញថា​ទាំង​អ្នកទេស​ចរណ៍បរទេស និងអ្នកវិនិយោគទុន។ ការធ្វើបែបនេះ ដោយសារបច្ចុប្បន្ននេះ កម្ពុជា​អាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ បានដោយពលរដ្ឋជាង៩០​ភាគរយ បានចាក់វ៉ាក់​សាំង ដែលពលរដ្ឋខ្លះបានចាក់ដល់ដូសទី៤ ដែលបង្កើតអោយមានភាពស៊ាំ​សហគ​មន៍ ដើម្បីឆ្លើយតបនឹងកូវីដ-១៩ ៕ អត្ថបទ៖ ពុធិកា