ក្រុមហ៊ុនថាមពលថៃ សម្រេចបិទរោងចក្រចម្រាញ់ប្រេងទាំងអស់នៅទីក្រុងបាងកក ក្រោយកើតអគ្គិភ័យផ្ទុះឆេះផ្អើលប្រទេស

អន្តរជាតិ

ក្រុមហ៊ុនចម្រាញ់ប្រេង Bangchak Corporation របស់ប្រទេសថៃ បានប្រកាសបិទអង្គភាពផលិតកម្មទាំងអស់របស់ខ្លួននៅរោងចក្រចម្រាញ់ប្រេង Phra Khanong ក្នុងទីក្រុងបាងកក ក្រោយកើតអគ្គិភ័យកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដែលបណ្តាលកម្មករចំនួន ៩ នាក់រងរបួស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គិភ័យបានកើតឡើងនៅម៉ោងប្រហែល ២:៤៥ នាទីរសៀល ហើយត្រូវបានគ្រប់គ្រង និងពន្លត់ទាំងស្រុងក្នុងរយៈពេលប្រហែល ៣០នាទី បន្ទាប់ពីកើតហេតុ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន។

យ៉ាងណាមិញក្រុមហ៊ុន Bangchak បានឱ្យដឹងថា បុគ្គលិកចំនួន ៩ នាក់បានរងរបួសក្នុងហេតុការណ៍នេះ ហើយក្នុងចំណោមអ្នករងរបួសទាំងនោះ មាន ២ នាក់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ មូលហេតុនៃអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

តាមការស៊ើបអង្កេតបឋមរបស់ក្រុមហ៊ុន អគ្គិភ័យបានកើតឡើងនៅអង្គភាព Hydrocracking ដែលជាផ្នែកមួយនៃដំណើរការចម្រាញ់ប្រេង។ ក្រុមហ៊ុនបានបិទអង្គភាពផលិតកម្មទាំងអស់ជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងការពារកុំឱ្យមានហេតុការណ៍បន្ថែមទៀត។

ជម្រាបជូនថារោងចក្រចម្រាញ់ប្រេង Phra Khanong មានសមត្ថភាពចម្រាញ់ប្រេងអតិបរមា ១២០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុន Bangchak មានរោងចក្រចម្រាញ់ប្រេងចំនួន ២ រួមទាំងរោងចក្រនេះផងដែរ ដែលមានសមត្ថភាពចម្រាញ់ប្រេងសរុបប្រមាណ ៣០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ៕​