លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

នៅក្នុងជំនួបនាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលតែងតែជួយគាំទ្រកម្ពុជាលើវិស័យវប្បធម៌ ទាំងរូបី និងអរូបី រួមមានការអភិរក្ស ថែរក្សា និងជួសជុលប្រាសាទនានានៅកម្ពុជា ជាពិសេសនៅតំបន់អង្គរ ខណៈដែលប្រទេសជប៉ុនក៏ជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ISHIZUKI Hideo ក៏បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រកបដោយជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ ភាគីកម្ពុជា និងជប៉ុន បានប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើវិស័យវប្បធម៌នាពេលអនាគត ដើម្បីលើកកម្ពស់ការថែរក្សា និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ឱ្យកាន់តែរឹងមាំ និងយូរអង្វែង៕



