សម័យប្រជុំលើកទី៣ នៃនីតិវិធីផ្សះផ្សារវាងកម្ពុជានិងថៃ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបិទបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលវិជ្ជមានជាច្រើន រួមមានការឯកភាពបង្កើតក្រុមការងារបច្ចេកទេសចម្រុះ និងការឈានដល់ការយល់ដឹងរួមលើសំណុំល័ក្ខខ័ណ្ឌកំណត់ សម្រាប់ការកំណត់ព្រំដែនសមុទ្រ បន្ទាប់ពីដំណើរការរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសចម្រុះដែលត្រូវបានបង្កើតឡើង មានសមាសភាពជាអ្នកជំនាញមកពីភាគីកម្ពុជា-ថៃ និងសមាជិកនៃគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ ទន្ទឹមនឹងនេះ តាមរយៈការសម្របសម្រួលរបស់គណៈកម្មការ ភាគីទាំងពីរក៏បានសម្រេចការយល់ដឹងរួមគ្នាលើសំណុំល័ក្ខខ័ណ្ឌកំណត់ ដែលនឹងត្រូវយកមកអនុវត្តសម្រាប់ដំណើរការកំណត់ព្រំដែនសមុទ្រផងដែរ។
ក្នុងអំឡុងពេលសម័យប្រជុំ គណៈប្រតិភូកម្ពុជាបានពន្យល់យ៉ាងលម្អិតអំពីជំហររបស់កម្ពុជា ព្រមទាំងបានផ្តល់ជូនគណៈកម្មការផ្សះផ្សានូវព័ត៌មានជាក់ស្តែង និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការស្វែងរកដំណោះស្រាយប្រកបដោយសមធម៌រវាងភាគីទាំងពីរ ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញា UNCLOS ក៏ដូចជាការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់កម្ពុជា។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងនៃការចុះពិនិត្យទីតាំងពាក់ព័ន្ធ ដោយភាគីកម្ពុជាបានស្វាគមន៍ដំណើរទស្សនកិច្ចតាមទីតាំងជាក់ស្តែងរបស់គណៈកម្មការនាពេលខាងមុខ និងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីឱ្យគណៈកម្មការយល់ដឹងកាន់តែច្បាស់អំពីភូមិសាស្ត្រ និងបរិបទជាក់ស្តែងនៃតំបន់ទាំងនោះ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល (Agent) បានគូសបញ្ជាក់ថា កម្ពុជានិងថៃ នឹងនៅតែជាប្រទេសជិតខាងគ្នាជានិច្ច ហើយវឌ្ឍនភាពដែលសម្រេចបាននៅទីក្រុងគូឡាឡាំពួ ពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានទៅមុខមួយសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ រដ្ឋាភិបាលម៉ាឡេស៊ី និងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (AIAC) ចំពោះការគាំទ្រ ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងការរៀបចំដ៏ល្អប្រសើរសម្រាប់កិច្ចប្រជុំ។
គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធានក្រុមចរចា ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររងរាជរដ្ឋាភិបាល (Deputy Agent) ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាអនុប្រធានក្រុមចរចា ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចូលរួមដំណើរការផ្សះផ្សាប្រកបដោយស្មារតីស្ថាបនា និងសុច្ឆន្ទៈ ដោយមានទំនុកចិត្តយ៉ាងពេញលេញលើគណៈកម្មការផ្សះផ្សា ដើម្បីឈានទៅរកដំណោះស្រាយមួយដ៏យុត្តិធម៌ ស្មើភាព និងយូរអង្វែង ផ្អែកលើមូលដ្ឋានរឹងមាំនៃច្បាប់អន្តរជាតិ និងអនុសញ្ញា UNCLOS ដែលនឹងការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រដល់សន្តិភាព និងភាពសុខដុមជានិរន្តរ៍រវាងប្រទេសទាំងពីរ៕

