ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន វិមានសំណាង ម.ក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព វិមានសំណាង លីគ ២០២៧ (BVS League 2027) រដូវកាលទី១២ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះរបស់ក្រុមនីមួយៗចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦។

តាមរយៈបណ្តាញសង្គម លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា ពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ ២០២៧ (BVS League 2027) រដូវកាលទី១២ នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ ហើយថ្ងៃប្រកួត ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៧។
លោកឧកញ៉ាបណ្ឌិត បានបន្តថា កីឡាករខ្មែរ និងបរទេស ដែលធ្លាប់លេងនៅពានសម្តេចតេជោ ពានលីគលំដាប់ទីពីរកម្ពុជា ពានយុវជនថ្នាក់ជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបានអនុញ្ញាត្តអោយចូលរួមប្រកួត។ ចំណែកកីឡាករខ្មែរ និងបរទេស ដែលធ្លាប់លេងនៅលីគកំពូលកម្ពុជា ត្រឹមឆ្នាំ២០២៥ ក៏ត្រូវបានអនុញ្ញាត្តអោយចូលរួមប្រកួតផងដែរ។ សម្រាប់ ១៦ ទៅ ២២ក្លឹបចូលរួមដោយសេរី ហើយក្លឹបនីមួយៗត្រូវមានកីឡាករ ២៥នាក់ ទាំងខ្មែរសុទ្ធ ឬបរទេសសុទ្ធ ឬកីឡាករខ្មែរលាយបរទេស ហើយសូមទាក់ទងលោក វី យូសុះ 016 780 091។
សូមជម្រាបថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានដឹកនាំរៀបចំកម្មវិធីប្រកួតបាល់ទាត់លីគពាក់កណ្តាលអាជីពនេះ ចាប់តាំងពីឆ្នាំ២០១២មក ដោយពេលនោះមានឈ្មោះថា Khmer Real-Estate League បន្ទាប់មកពាននេះបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០២៤ ទើបចាប់ផ្តើមឈ្មោះថ្មីថា វិមានសំណាង លីគ៕





