ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia បានប្រកាសពន្យារពេលការបើកប្រាក់ខែបុគ្គលិកនៅប្រទេសម៉ាឡេស៊ី ដោយផ្លាស់ប្តូរទៅបើកនៅចុងខែវិញជាបណ្តោះអាសន្ន ខណៈក្រុមហ៊ុនកំពុងព្យាយាមរក្សាសាច់ប្រាក់ក្នុងដៃ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើង និងការខាតបង់ផ្នែកហិរញ្ញវត្ថុ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ការផ្លាស់ប្តូរកាលវិភាគបើកប្រាក់ខែនេះ គឺជាការកែសម្រួលប្រតិបត្តិការផ្ទៃក្នុង ហើយមិនមែនជាការកាត់បន្ថយប្រាក់ខែ ឬសិទ្ធិទទួលប្រាក់របស់បុគ្គលិកឡើយ។ ប្រាក់ខែបុគ្គលិកនឹងនៅតែត្រូវបើកពេញលេញ ដោយគ្រាន់តែផ្លាស់ប្តូរពេលវេលាបង់ប្រាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ ជុំវិញការផ្លាស់ប្តូរនេះនឹងអនុវត្តចាប់ពីខែវិច្ឆិកា រហូតដល់ខែមីនា ដោយប្រាក់ខែនឹងត្រូវបើកនៅថ្ងៃទី៣០ នៃខែនីមួយៗ ឬនៅថ្ងៃចុងក្រោយនៃខែកុម្ភៈ។ ក្រុមហ៊ុនបានស្នើឱ្យបុគ្គលិកមានការអត់ធ្មត់ និងបត់បែនចំពោះការកែសម្រួលនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុន AirAsia ក៏កំពុងប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ ដោយតម្លៃប្រេងឥន្ធនៈកើនឡើង និងការខាតបង់ពីអត្រាប្តូរប្រាក់ ដែលបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ។ ក្រុមហ៊ុនក៏កំពុងពិចារណាកាត់បន្ថយជើងហោះហើរដែលមិនមានប្រាក់ចំណេញ និងកាត់បន្ថយចំនួនយន្តហោះ ដើម្បីសន្សំសាច់ប្រាក់ផងដែរ៕

