គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ឥណទានទៅក្នុងវិស័យកសិកម្មមាន៥ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមធនាគារនៅកម្ពុជាបានអះអាងថាការផ្តល់ឥណទានទៅក្នុងវិស័យកសិកម្មក្នុងឆ្នាំ២០២២កន្លងទៅនេះមានទឹកប្រាក់ប្រមាណ៣៦៨០លានដុល្លារអាមេរិក ខណៈដែលវិស័យមីក្រូហិរញ្ញវត្ថុផ្តល់ឥណទានមានទឹកប្រាក់១៧០០លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រ័ត្ន សោភ័ណ អនុប្រធាសមាគមធនាគារនៅកម្ពុជាប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ស្ថានភាពវិស័យធនាគារនិងហិរញ្ញវត្ថុនិងវិធានការបុរេសកម្មឆ្លើយតបទៅនិងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ» នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នំា២០២៣ នេះនៅក្នុងវិស័យធនាគារទំាងមូលដែលមានឥណទានសរុបមានចំនួន៤០ពាន់លានដុល្លារអាមេរិកនោះគឺមានឥណទានក្នុងវិស័យកសិកម្មគឺមាន៨% ស្មើប្រមាណ៣.៦៨០លានដុល្លាអាមេរិក។
ពាក់ព័ន្ធនិងការផ្តល់ឥណទាននៅក្នុងវិស័យកសិកម្មកន្លងមកនេះបើតាមលោក រ័ត្ន សោភណ្ឌ័ លើកឡើងថា តើយុទ្ធសាស្ត្ររបស់ធនាគារយ៉ាងណាសម្រាប់វិស័យកសិកម្មកន្លងមកនេះ? សម្រាប់វិស័យធនាគារទំាងមូលនូវតែបន្តការយកចិត្តទុកដាក់លើវិស័យកសិកម្មនេះដដែល ដោយសារវិស័យនេះនៅមានកំណើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែស្ថាប័ននីមួយៗផ្តោតលើវិស័យកសិកម្មខ្លំាងជាងវិស័យពាណិជ្ជកម្មយ៉ាងម៉េចវាអាស្រ័យទៅលើយុទ្ធសាស្ត្រនិងកម្រិតហានិភ័យនីមួយៗរបស់ស្ថាប័នធនាគារ។
លោកគូសបញ្ជាក់ថា «បើយើងមើលទិន្នន័យទូទៅគឺឥណទាននៅក្នុងវិស័យកសិកម្មមានប្រមាណ៨%ឬស្មើប្រមាណ៣.៦៨០លានដុល្លារអាមេរិកនៃទំហំឥណទានសរុប»។

លោក សុខវឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថាគិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុមានអតិថិជនឥណទានសរុប ២លាននាក់ ដោយមានទំហំឥណទានជាង ៩ពាន់លានដុល្លាសហរដ្ឋអាមេរិក ដោយក្នុងនោះប្រមាណជិត ១៩%ឬស្មើប្រមាណ១.៧០០លានដុល្លារអាមេរិកជាឥណទានផ្តល់ជូនវិស័យកសិកម្ម។
លោកសុខវឿន ថាវិស័យកសិកម្មជាវិស័យអាទិភាព បើនៅឆ្នំាក្រោយនៅមានកម្រិតទាបយ៉ាងណាក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តការគំាំទ្រ ព្រោះវាជាវិស័យស្នូលដែលប្រជាជនភាគច្រើនលើសលប់បានចូលរួមនៅក្នុងវិស័យមួយនេះ។
ទាក់ទងនិងវិស័យធនាគារនៅកម្ពុជា បើយោងតាមលោក រ័ត្នសោភ័ណថា នៅឆ្នាំ២០២២នេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគាំទ្រកំណើនសេដ្ឋកិច្ច ដែលត្រូវបានប៉ាន់ស្មានថាងើបឡើងវិញ ក្នុងអត្រា ៥,១%។

ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច ជាមួយកំណើន ២១% ប្រមាណជា ៥៦ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើអតិថិជនកើនជាង ១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនពី ១២,៧លាន ដល់ ១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លាន ដល់ ៣,៧លានគណនី។

ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ៣៤ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្ដូរប្រាក់ ២.៨៦៩៕
អត្ថបទ៖សារេត