ដី​កាន់​តែ​ឡើង​ថ្លៃ ខណៈ​គម្រោង​អភិវឌ្ឍ​ច្រាំង​និង​ផ្លូវ​ថ្មើរ​ជើង​ពី​កោះ​នរា​មក​ស្ពាន​ច្បារអំពៅ លេច​រូបរាង​បណ្តើរៗ

សង្គម​និង​សេដ្ឋកិច្ច

ខណៈ​គម្រោង​អភិវឌ្ឍ​ច្រាំង​និង​ផ្លូវ​ថ្មើរ​ជើង​ពី​កោះ​នរា​ដល់​ស្ពាន​ព្រះមុនីវង្ស​ចាស់​បាន​លេច​រូបរាង​បណ្តើៗ​ មានឈ្មួយ​ជាច្រើន​បាន​ចុះ​ទៅ​សាកសួរទិញ​ដីធ្លី​ ធ្វើ​ឲ្យហាង​ឆេង​ដី​កំពុង​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង ស្រប​ពេល​តំបន់​នោះ​កាន់​តែមានសក្តានុពល​ដោយសារ​គម្រោង​អភិវឌ្ឍ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ពីម្សិលមិញ​ក្រុមការងារ​ឧកញ៉ាញូសន៍​បាន​ចុះ​ពិនិត្យ​ឃើញ​ថា​ ក្រុម​កម្មករ​កំពុង​សម្រុកស្ថាបនា ខណៈគម្រោង​អភិវឌ្ឍ​ច្រាំង​និង​ផ្លូវ​ថ្មើរ​កំពុង​ដំណើរការ​យ៉ាង​សកម្ម។

ទិដ្ឋភាព​ក្រុម​កម្មករ​កំពុង​ស្ថាបនា​​ច្រាំងពីកោះនរា​មក​ស្ពានព្រះមុនីវង្សចាស់​

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​រស់នៅ​ម្តុំ​ច្រាំង​បាក់​​ក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ឧកញ៉ា​ញូសដ៍​ដឹង​ថា មាន​ឈ្មួយ​ចុះ​មក​សាកសួរ​ទិញ​ធ្លី​ជា​ហូហែរ ខណៈ​តម្លៃ​ហាង​ឆេង​ក៏​មាន​ការ​កើន​ឡើង​ដែរ។

កន្លងទៅ​នេះ​សាលា​ខណ្ឌច្បារអំពៅ បាន​ចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និង​ច្រាំង​ទន្លេបាសាក់​ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។

រដ្ឋបាលខណ្ឌបានស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជាប់ពាក់ព័ន្ធ ឬ​រំលោភ​ដីចំណី​ទន្លេបាសាក់​ត្រើយ​ខាងកើត សហការ​ជាមួយក្រុមការងារក្នុងការបោះបង្គោល និង​ចូលរួម​ថែរក្សា​បង្គោល​ព្រំពេល​បោះរួច។

លើសពីនេះ សាលាខណ្ឌក៏ព្រមាន​នឹងចាត់វិធានការតាមច្បាប់ ក្នុង​ករណី​ជនណា​ម្នាក់​បំពាន​ដក ឬបំផ្លិតបំផ្លាញបង្គោលដែល​បោះរួចនោះផងដែរ។

ប្លង់គម្រោង​ស្ថាបនា​ផ្លូវនិង​ច្រាំង​ខាងកើត​ទន្លេបាសាក់ពីកោះនរា​មកស្ពាន​ព្រះមុនីវង្សចាស់
មន្រ្តី​ចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និង​ច្រាំង​ទន្លេបាសាក់​ត្រើយខាងកើតកន្លងទៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​ធ្វើ​ពី​បេតុង​នៅតាម​ទន្លេបាសាក់​​ត្រើយ​ខាងកើត ក្នុង​ខណ្ឌ​ច្បារអំពៅ ដើម្បី​ការពារ​ការបាក់ច្រាំង និង​លើកកម្ពស់​សោភណភាព​ក៏ដូចជា​ជួយ​សម្រួល​លំហូរ​ចរាចរណ៍​ផងដែរ​។ ​ជាមួយ​គ្នា​នេះ​​សាលារាជធានី​ភ្នំពេញ​បាន​បង្ហាញ​ក្ដី​រំពឹងថា ពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ដី​ចំណី​ទន្លេ​ត្រង់​ទីតាំង​អនុវត្ត​គម្រោង​នេះ​នឹងចូលរួម​សហការ​ល្អ​ជាមួយ​​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​​ស្ថាបនា​ផ្លូវ និង​ច្រាំងទន្លេ​នេះ​​ទទួល​បាន​ជោគជ័យ​៕