សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ចុះMOU ពង្រឹងវិស័យព័ត៌មានវិទ្យា

សង្គម​និង​សេដ្ឋកិច្ច

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនងព័ត៌មានវិទ្យា(ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម៤.០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីចុះ MOU នេះត្រូវបានធ្វើឡើងដំណាលគ្នា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង” (SAMSUNG Innovation Campus) ដែលបានប្រព្រឹត្តិទៅកាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

នាពេលនោះ ឯកឧត្តម ឈួន ដារ៉ា បានជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតកម្ពុជា ខិតខំសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ឯកឧត្តម បន្តថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់វិស័យសាធារណៈនិងឯកជន ព្រោះវិស័យនេះបានរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ផលិតភាពផលិតកម្ម បង្កើតការងារថ្មី និងជំរុញការនាំចេញ។

ជាមួយគ្នានេះ ឯកឧត្តមក៏ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុតមួយចំនួន រួមទាំងការចូលរួមកសាងក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដោយបានដាក់បញ្ចូលជំពូកខ្លះស្តីពីការជំរុញធុរកិច្ចឌីជីថល និងឌីជីថលអេកូឡូហ្ស៊ី។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចសហការគ្នាចុះ MOU រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង គឺបង្កើតកម្មវិធីនវានុវត្តន៍នេះឡើង ដើម្បីជាថ្នាលបណ្តុះសិស្សនិស្សិតកម្ពុជាឱ្យចាប់យកជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនងព័ត៌មានវិទ្យា(ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម៤.០ ព្រោះថាកម្ពុជាកំពុងត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានជំនាញលើវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មដែលមានជំនាញនាពេលខាងមុខ។

ដោយឡែក “កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង” (SAMSUNG Innovation Campus) ជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ផ្តល់នូវការអប់រំ លើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិត និងយុវជន។ ក្រៅពីជំនាញចំបងៗដូចជា AI, IoT, Big Data, Coding និងprogramming, internet of things កម្មវិធីនេះក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជំរុញយុវជនឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគតផងដែរ៕