លោក ឃួង ស្រេង ប្រាប់វៀតណាមថា រាជធានីភ្នំពេញដែលកំពុងរីកចំរើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមាន

សង្គម​និង​សេដ្ឋកិច្ច

ក្នុងគោលដៅរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឧិ្យកាន់តែល្អប្រសើរក្នុងនាមទីក្រុងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅកាន់ក្រុងហាណូយ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទៅពិនិត្យទិដ្ឋភាពទូទៅនៃសម្ពន្ធ័ក្រុមហ៊ុន CNTY.EUZY មានអាយុ ៧២ឆ្នាំ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់លេខ ៣ លើពិភពលោកក្នុងវិស័យប្រតិបត្តិការបរិស្ថានទីក្រុង ដែលមានវិសាលភាពនៅក្នុងប្រទេសជាង ៣០ មានរោងចក្រកម្ចាត់កាកសំណង់រឹងជាង ៣០០កន្លែងនៅទូទាំងពិភពលោក ដោយមានសមត្ថភាពកែឆ្នៃរហូតដល់៥ម៉ឺនតោនក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង៦ម៉ឺននាក់ជាជាតិអ៊ឺរ៉ុប។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ អភិបាលរាជធានីភ្នំពេញ ក៏បានប្រាប់ទៅកាន់សម្ពន្ធ័ក្រុមហ៊ុន CNTY.EUZY ដោយប្រកាសស្វាគមន៍បណ្តាក្រុមហ៊ុនពីវៀតណាមមានបំណងវិនិយោគលើការកែឆ្នៃ និងបំឡែងកាកសំណល់សំរាមទៅជាឋាមពលអគ្គសនី និងបំលែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ខ្លិនជាដើម។  

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង បានឲ្យដឹងថា រាជធានីភ្នំពេញដែលកំពុងរីកចំរើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា បញ្ហាចរាចរណ៏, សំណង់ ពិសេសបញ្ហាបរិស្ថាន,ប្រពន្ធ័លូជាពិសេសបញ្ហាសំរាម នេះតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការលើកកំពស់បរិស្ថានទីក្រុងរួមជាមួយដៃគូអភិវឌ្ឍន៏មួយចំនួនទៀតផងដែរ។ 

លោកបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋយ៉ាងឆាប់រហ័សប្រមាណជាង ៣លាន ចំណែកបរិមាណសំរាមបានកើនឡើងរហូតដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។ ហើយនៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួន ២កន្លែងបន្ថែមទៀតស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាមចំនួន ៣កំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានីភ្នំពេញ៕