អ្នកឧកញ៉ា លាង ម៉េង៖ ក្រុមហ៊ុន ជីប ម៉ុង នឹងពង្រីកផ្សារទំនើបឱ្យដល់១០ទីតាំង ក្នុងឆ្នាំ២០២៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានលើកឡើង កាលពី​ថ្ងៃ​អាទិត្យ​ទី​១១ ខែ​កញ្ញា ​ម្សិល​មិញ​​នេះ​ថា ​ក្រុមហ៊ុន​ ជីប ម៉ុង រីថែល (Chip Mong Retail) មាន​ចក្ខុវិស័យ​ពង្រីក​ផ្សារទំនើប រហូត​ដល់១០ទីតាំង នៅក្នុងឆ្នាំ២០២៥ ហើយ​នៅថ្ងៃចន្ទនេះ ក្រុមហ៊ុន​នឹងបើក​ឱ្យ​ដំណើរការ​សាកល្បង​ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បាន​​បញ្ជាក់​បន្ថែម​តាម​រយៈ​វីដេអូ​ឃ្លីប​​​​ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ក្លាយជា​ដៃគូ​ជាមួយម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក រហូតទៅដល់ជាង ១៧០ម៉ាក។ បេសកកម្មរបស់ក្រុមហ៊ុន គឺផ្តល់ជូននូវផលិតផល សេវាកម្ម បទពិសោធន៍​នៃការទិញទំនិញ ការកម្សាន្តដ៏សម្បូរបែប។ ក្រុមហ៊ុន​ប្តេជ្ញា​នាំយកផលិតផល និងសេវាកម្ម ដែលមានស្តង់ដារខ្ពស់លំដាប់ពិភពលោក។ ការប្តេជ្ញានេះ បង្ហាញពីឆន្ទៈ​មុះមត់ ក្នុងការចូលរួមលើកកម្ពស់​ឧស្សាហ៍កម្មលក់រាយឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមជំរុញសេដ្ឋកិច្ច​កម្ពុជា ឱ្យកាន់តែរឹងមាំ និងផ្តល់​បទពិសោធន៍ជូនពលរដ្ឋកម្ពុជា ជាមួយនឹងបន្តទាក់ទាញ​ម៉ាកផលិតផល​ល្បីៗទាំងក្នុងនិងក្រៅស្រុក និងជំរុញការវិនិយោគកាន់តែខ្លាំងឡើង។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិតនៅក្នុងគម្រោងលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន និង​នៅ​ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ស្ថិត​ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុម​ហ៊ុន ជីប ម៉ុង រីថែល និង​បានសាងសង់អស់រយៈពេលជាង ៤ ឆ្នាំ។

សូមបញ្ជាក់​ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​បាន​បង្កើត​ ជីប ម៉ុង រីថែល ​​ឡើង​កាល​​ឆ្នាំ២០១៧។ រហូតមក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុង គ្រុប មាន​ផ្សារទំនើបខ្នាតយក្ស​​ចំនួន​៦ នៅ​រាជធានីភ្នំពេញ ​​ក្នុង​នោះ​មាន​​ដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និង​ផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធ​កាល​ចុង​ឆ្នាំ​២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និង​ផ្សារទំនើបជីបម៉ុង ៥៩៨ ​​សម្ពោធ កាល​ពាក់​កណ្តាល​ឆ្នាំ​២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល និង​ Chip Mong Tower ​​គ្រោង​នឹង​សម្ពោធ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕